ការចិញ្ចឹមឃ្មុំបែបធម្មជាតិ បច្ចុប្បន្ន​ កំពុងរីក​ចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏មិន​អាច​បំពេញតម្រូវការ​នៅក្នុង​ស្រុក​បាន​នៅ​ឡើយទេ ដោយសារតែ​ការផលិត​ទឹកឃ្មុំ​នៅ​មាន​កម្រិត ខណៈ​តម្រូវការមាន​ច្រើន​លើស ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មានការនាំចូល​ទឹកឃ្មុំ​ពីក្រៅ​ដើម្បី​បំពេញ​តម្រូវការ​មួយ​ចំណែក ។

លោក ឆេង ផារី គឺជាកសិករចិញ្ចឹមឃ្មុំម្នាក់ នៅលើ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។ លោក​មាន​បទ​ពិសោធន៍​ចិញ្ចឹម​ឃ្មុំ​ប្រមាណ​ជា ៨​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​បាន​ជួប​បរាជ័យ​ជាច្រើន​ក្នុង​ការចិញ្ចឹម​ឃ្មុំ ប៉ុន្តែ ដោយសារតែ​តម្រូវការ​ទឹកឃ្មុំ​ក្នុង​ស្រុក​មាន​ច្រើន ហើ់យ​ទីផ្សារ​ធំ​ទូលាយ ទើប​ការបរាជ័យ​ទាំងនោះ​បាន​បង្រៀន​លោក​ក្លាយ​ទៅ​ជា​អ្នក​ចិញ្ចឹម​ឃ្មុំ​យ៉ាងចំណាន​នាពេល​នេះ ។

អ្នក​ចិញ្ចឹម​ឃ្មុំ​រូប​នេះ​បាន​រៀបរាប់​ថា «សម្រាប់​ការចិញ្ចឹម​ឃ្មុំ​គឺ​ជា​មុខរបរល្អ មុខ​របរ​ល្អ​មួយ អ៊ីចឹង​សព្វថ្ងៃនេះ​យើងកំពុង​មាន​ការខ្វះខាត​ទឹកឃ្មុំ​យ៉ាង​ខ្លាំង ។»

លោក​បន្ត​ថា  «អ៊ីចឹង តម្រូវការ​រាល់ថ្ងៃ​នេះ​នៅក្នុង​ស្រុក​យើង ​គឺ​​ខ្វះខាត​​ហើយ ប្រសិន​​បើយើង​រួមគ្នា ចងក្រង​គ្នា​ជាក្រុម យើង​អាច​ផលិត​ទឹក​ឃ្មុំ​បាន​ច្រើន គុណភាព​ល្អ យើង​អាច​មាន​ទីផ្សារ​នាំចេញ​ទៅ​ក្រៅប្រទេស​បាន​ច្រើន» ។

យ៉ាងណាមិញ បច្ចុប្បន្ន នៅក្នុង​កសិដ្ឋាន​របស់​លោក​មាន​ចិញ្ចឹម​ឃ្មុំ​ប្រមាណ​ជា​ ៤០០​ទូ នៅ​ក្នុង​ចម្ការ​គ ដែល​អាច​ប្រមូលផល​ទឹក​ឃ្មុំ​ប្រហែល​២​ទៅ​៣​ពាន់​លីត្រ ។ ក្រៅពី​ចម្ការ​គ លោកក៏មាន​ចិញ្ចឹម​ឃ្មុំ​នៅក្នុងចម្ការ​កៅស៊ូ​ថែម​ទៀត​ដែរ ដែល​អាច​ប្រមូលផល​បាន​ចន្លោះ​ពី ៣ ទៅ ៤​ពាន់​លីត្រ នៅក្នុង​រយៈពេល​មួយឆ្នាំ​នៃ​ការចិញ្ចឹម​ឃ្មុំ ។

លោកបានបន្តថា សម្រាប់ទឹកឃ្មុំ​ដែល​បាន​ប្រមូល​មក លោក​បាន​ចែកចាយ​ទៅកាន់ ២៥​ខេត្ត​ក្រុង​ក្នុងប្រទេស​កម្ពុជា ដោយ​មាន​បោះដុំ​និង​លក់រាយ ពោល​គឺ​មិនត្រឹមតែ​អាច​ប្រមូលផល​ទឹក​ឃ្មុំ​បាន​តែ​មួយមុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ មានទាំង​លម្អង​ឃ្មុំ ក្រមួន​ឃ្មុំ និង​សាច់​ឃ្មុំ ឬ​កូនឃ្មុំ​ថែមទៀត ដែល​អាច​លក់​នៅលើ​ទីផ្សារ​បាន​តម្លៃ​ថ្លៃ​ផងដែរ ។

លោក ឆេង ផារី បាន​បញ្ជាក់​ថា បញ្ហា​កង្វះខាត​ទឹកឃ្មុំ​ផ្គត់ផ្គង់​នៅក្នុងស្រុក​គឺ​ដោយសារតែ​អ្នកចិញ្ចឹម​ឃ្មុំនៅក្នុង​ស្រុក​នៅមិនទាន់​ចងក្រង​គ្នា​ជា​សហគមន៍​​បាន ដូច្នេះ តម្រូវការ​រាល់ថ្ងៃ​នៅក្នុង​ស្រុក​យើង​គឺខ្វះខាត​ច្រើន​ណាស់ ហើយ​ប្រសិនបើ​អ្នក​ចិញ្ចឹម​ឃ្មុំ​ទាំងអស់​រួមគ្នា ចងក្រង​គ្នា​ជាក្រុម​បាន គឺ​អាច​ផលិតទឹកឃ្មុំ​បាន​ច្រើន គុណភាពល្អ ថែមទាំង​អាចមាន​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ច្រើន ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version