លោក ចាន់ វុទ្ធី គឺជាម្ចាស់សហគ្រាសផលិតឈីស (Cheese) មានឈ្មោះថា La Fattoria ដែលមានពីរទីតាំង គឺនៅ​ខេត្តសៀមរាប​និង​នៅ​ក្រុង​តាខ្មៅ ។

La Fattoria គឺជាយីហោមួយដែលបានចាប់ផ្តើមកែច្នៃ​ផលិត​ឈីស​ក្នុងស្រុកដំបូង​គេ​បង្អស់ ពោលគឺតាំងពី​​អំឡុង​ឆ្នាំ២០០៧​មកម្ល៉េះ ហើយនេះ​គឺ​ជា​ផលិតផល​នៅ​ក្នុង​ស្រុកមួយដែលកូនខ្មែរអាចកែច្នៃបាន ដោយ​យក​ទឹកដោះគោ​ក្នុង​ស្រុក​ផ្ទាល់ ធ្វើ​ជា​ឈីស​ជាច្រើន​ប្រភេទ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ។

លោក ចាន់ វិទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំ ចាន់ វុទ្ធី ម្ចាស់សហគ្រាស La Fattoria សុំ​អំពាវនាវដល់​បងប្អូន​ជន​រួមជាតិ រួម​ភាសា​ទាំងអស់​មេត្តា​ជួយ​គាំទ្រ​នូវ​ផលិតផល​ស្នាដៃ​កូនខ្មែរ ដែល​បង្កើត​ពីស្នាដៃ​ខ្ញុំផ្ទាល់ ហើយ​យើងនាំគ្នា​ជួយ​ជំរុញ លើក​ទឹកចិត្ត​ផលិតផល​ក្នុង​ស្រុក​យើង ឲ្យ​មាន​ឈ្មោះ​បោះសំឡេង​ទៅលើ​ឆាក​អន្តរជាតិ ហើយ​ជា​មោទកភាព​មួយ​ដើម្បី​បង្ហាញ​ពិភព​លោក​ឲ្យ​ដឹង​ថា ខ្មែរ​យើង​ធ្វើបានដែរ មិន​ចំពោះ​មិន​ចំពោះ​តែ​បរទេសទេ» ។

លោក​បាន​បន្ត​ថា ជំនាញ​ធ្វើឈីសនេះ​មិនមែន​ចេះតែ​ធ្វើ​នោះទេ ប៉ុន្តែ លោក​បាន​ឆ្លងកាត់​និង​ទៅ​រៀនជំនាញ​ធ្វើឈីស​នេះ​នៅឯ​ប្រទេស​អ៊ីតាលី​ដោយ​ផ្ទាល់ ដែល​ជា​ប្រទេស​ល្បីល្បាញ​ខាងកែច្នៃឈីស​ធំ​បំផុត ហើយ​លោក​បាន​យក​ចំណេះដឹង​មួយនេះ​មក​បង្កើត​នៅលើទឹកដី​ប្រទេស​កម្ពុជា ខណៈ​ដែល​នៅ​កម្ពុជាមាន​ធនធាន​គ្រប់គ្រាន់​ស្រាប់​​ទៅ​ហើយ​ក្នុង​ការកែច្នៃ ។

បុរសវ័យប្រមាណជា​៤០​ឆ្នាំរូបនេះ បាន​បន្ថែម​ថា បច្ចុប្បន្ន នៅក្នុង​សហគ្រាស​របស់​លោក​អាច​កែច្នៃ​ឈីស​ជិត​១០ប្រភេទ​ខុសៗ​គ្នា ដាក់​លក់​ពេញ​ផ្សារទំនើប​តូច​ធំ និង​បាន​ចែកចាយ​ស្ទើរ​គ្រប់​២៥​ខេត្ត​ក្រុងក្នុង​ប្រទេស​កម្ពុជា ជាពិសេសនោះ គឺ​តំបន់​ទេសចរណ៍ ដូចជា ខេត្ត​សៀមរាប កំពង់សោម កោះកុងជាដើម ដែល​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក និង​ក្រៅស្រុក​និយម​ទទួល​ទាន​ខ្លាំង តាម​សណ្ឋាគារ រីស៊ត ភោជនីយដ្ឋាន ជាដើម ។

លោករៀបរាប់​បន្ថែម​ទៀតថា «លក្ខណៈពិសេសរបស់ឈីស​ផលិត​នៅក្នុង​ស្រុក​នេះដែរ ទីមួយនោះ​គឺទឹកដោះគោ​ស្រស់​ដែល​យក​មក​ភ្លាមៗ ផលិត​នៅក្នុង​ស្រុក​យើង វាជា​លក្ខណៈ​ថ្មីៗ​ល្អ​បំផុត ហើយអ្វីដែលជាលក្ខណៈពិសេសបន្ថែមមួយទៀតនោះគឺអត់បានប្រើសារធាតុគីមីអីដើម្បីពន្យារ​ការលក់ឲ្យ​បានច្រើនខែច្រើនឆ្នាំឡើយ ដែលអាចជួយទៅដល់សុខភាពអ្នកទទួកទាន ហើយទទួលទានដោយមានមោទកភាព ព្រោះវាជា​ផលិតផល​នៅក្នុង​ស្រុក» ។

មហិច្ឆតាធំរបស់ La Fattoria ទៅថ្ងៃខាងមុខ គឺ​ជំរុញ​ការផលិត​នៅក្នុង​ស្រុក​ឲ្យ​កាន់តែ​ច្រើន​ឡើង បំពេញ​តម្រូវការ​ក្នុងស្រុក ក្នុង​គោលបំណង​កាត់​បន្ថយ​ផលិតផល​នាំចូល និង​ផលិត​ដើម្បី​ប្រជាជនកម្ពុជា ហើយគ្រោងយកផលិតផល​កម្ពុជា​ទៅកាន់​ប្រទេស​ជិតខាង​ថែម​ទៀត​ផង ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version