ប្រជាជន​នៅក្នុង​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែក​តាមាក់ ខេត្ត​កណ្តាល លែង​ធ្វើស្រែ ប៉ុន្តែ នាំ​គ្នា​ចាប់យក​មុខរបរ​ដាំស្មៅ​វិញ ដែលការដាំស្មៅនេះ​បាន​ក្លាយ​ជាមុខ​របរ​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ​នេះជិត ២០​ឆ្នាំ​មក​ហើយ ខណៈតម្លៃ​ស្មៅ​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​ហាក់​បី​ប្រសើរ​ជាង​ធ្វើ​ស្រូវ ។

អ្នកស្រី គីម សុផេន គឺជាកសិករម្នាក់ដែលបានចាប់យកមុខរបរដាំស្មៅនេះអស់រយៈពេល៦ឆ្នាំមកហើយ អ្នកស្រី​បាន​រៀបរាប់​ថា «និយាយទៅ ស្មៅហ្នឹង​តម្លៃ​វាពី ១​ដុល្លារ​ឡើង តម្លៃវាថេរ​អ៊ីចឹង​រហូត គ្រាន់តែពេលខ្លះ​ចុះ​តិច​តួច គ្រាន់តែ​ចុះ​មិនយូរ​ប៉ុន្មាន​ទេ ពី១០​ឆ្នាំជាង​[មុន] ថ្លៃស្មៅជប៉ុនហ្នឹង​ ១​ការ៉េ ២០​ដុល្លារ​ឯណុះ តែគ្រាន់តែ​ពេលហ្នឹង​អត់មាន​ឈ្មួញ​ទិញ​ធំទូលាយ​អ៊ីចឹងទេ​អូន មានតែ​ឈ្មួញ​តិចតួច ហើយដាំតាមផ្ទះតិចតួចទេ» ។ 

កសិករ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការដាំស្មៅ​នៅ​ក្នុង​មួយ​ភូមិ​ស្វាយអាត់​នេះ គេជ្រើសរើស​ពូជ​ស្មៅ​ពីរប្រភេទ គឺស្មៅម៉ាឡេនិង​ស្មៅជប៉ុន ដែល​មុននឹង​ចាប់​ផ្តើមដាំ គឺត្រូវ​ធ្វើដីស្រែ​ឲ្យ​ស្អាត​និង​ស្មើល្អ ទើប​យកដើម​ស្មៅ​មក​ដាក់ដាំ​បាន ហើយ​ស្មៅ​ពីរ​ប្រភេទ​នេះ​ចាយ​ពេល​ថែទាំ​​ស្រោច​ទឹក​ដាក់​ជី​រយៈពេល​៣​ខែ​ទើបអាច​ប្រមូល​ផល​បាន ខណៈ​ស្មៅ​មួយ​ការ៉េ​លក់​បាន​តម្លៃ​ប្រមាណ​ជា ៤​ពាន់​រៀល ។

ស្រ្តីវ័យប្រមាណជា៤០ឆ្នាំ​រូបនេះ​បាន​បន្ថែម​ថា «ទីផ្សារហ្នឹង​វាគ្រាន់ថា​ល្អ​ជាង​ស្រូវ​បន្តិច បើ​ស្រូវ​យើង​ធ្វើតែមួយឆ្នាំ​បាន​តែ​ម្តង អានេះ​បើវាចំណេញ​តិចតួច​​ជា វាបាន​ត​រហូត​អ៊ីចឹង​ណាអូន បើធ្វើស្រូវ​បាន​តែម្តងហ្នឹង ជួនកាល កណ្ដុរ​ស៊ី​អ៊ីចឹង​ទៅ អត់ បើធ្វើស្មៅ​ ហានីភ័យ​តែ​ភ្លៀង​មក​លិច វាពិបាក​យើង​ធ្វើ​ថែ លុយច្រើន អ្នកខ្លះ​ក៏សល់​តិចតួច​អ៊ីចឹង​ទៅ អ្នកខ្លះ​គ្រាន់តែ​មួយចាយៗ​អ៊ីចឹង​ទៅ »។

យ៉ាងណាមិញ សម្រាប់ទីផ្សារស្មៅ​នេះ បច្ចុប្បន្ន​មាន​ការផ្គត់ផ្គង់​ស្ទើរតែ​គ្រប់​ខេត្តក្រុង​ទៅ​ហើយ ភាគច្រើន​មានតាម​បណ្តា​ខេត្ត ដូចជា មណ្ឌលគិរី គិរីរម្យ (កំពង់ស្ពឺ ) កោះកុង កំពង់សោម ជាដើម ដែល​ភាគច្រើន​គេទិញ​ទៅ​យក​ទៅ​រៀប​តាម​សួន​ច្បារ រីហ្សត តាមទ្រូងផ្លូវ ព្រលានយន្តហោះ ផ្ទះល្វែង និងតាមបុរីជាដើម ។

អ្នកស្រី​បាន​បញ្ជាក់​ថា ទោះបីជា​តម្លៃ​ស្មៅ​ទាំងពីរ​ប្រភេទ​នេះ វា​មាន​តម្លៃ​ជាង​ស្រួវ​ក៏​ពិត​មែន ប៉ុន្តែ ការដាំដុះ​ការមើលថែ​ស្មៅ​នេះ ក៏ច្រើន​ណាស់​ដែរ ពោល​គឺត្រូវការ​ចំណាយ​ដើមទុន​ច្រើន​ណាស់​ដែរ ដោយក្នុង​១​ពាន់​ការ៉េ ចំណាយ​ទុន​ដំបូង​បង្អស់ គឺ ១ពាន់​ដុល្លារ ហើយ​ត្រូវការ​យកចិត្ត​ទុកដាក់​មើល​ថែ​ជាង​ស្រូវទៅ​ទៀត បើ​ស្មៅ​មិន​ល្អ ឈ្មួញ​ឲ្យ​តម្លៃ​ក៏​ទាបដែរ ។

គួរ​បញ្ជាក់​ថា ទោះបីជាទីផ្សារ​ស្មៅ​មាន​តម្លៃ​ឡើងចុះ ហើយ​ត្រូវការ​មើល​ថែ​ច្រើន​យ៉ាងណាក៏ដោយ ប៉ុន្តែអ្នក​ភូមិស្វាយអាត់ នៅតែ​បន្ត​នាំគ្នា​ដាំ ដោយ​មួយ​រដូវកាល អាចធ្វើ​បាន​៣​ដង ហើយ​ប្រជាជន​នៅ​ក្នុងភូមិនេះ​បន្ត​ធ្វើ រហូត​ក្លាយ​ជា​មុខរបរ​ប្រពៃណី​​មក​ដល់​បច្ចុប្បន្ន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version