ប្រទេសវៀតណាមកំពុងជំរុញការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរណ៍បរទេស ក្រោយពេលដែលប្រទេសថៃទើបតែលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរណ៍បរទេសចំនួន ៩៣ ប្រទេស ។

បច្ចុប្បន្ននេះ វៀតណាមលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ មកពី ២៥ ប្រទេស ខណៈប្រទេសថៃ លើកលែងទិដ្ឋាការ ៩៣ ប្រទេស ម៉ាឡស៊ីលើកលែងទិដ្ឋាការ ១៦២ ប្រទេស សិង្ហបុរី លើកលែងទិដ្ឋាការ ១៦២ ប្រទេស ហើយហ្វីលីពីនលើកលែងទិដ្ឋាការ ១៥៧ ប្រទេស។

ប៉ុន្តែ ក្នុងសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីវៀតណាម ផាំ មិញជិញ បានបញ្ជាឲ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងរដ្ឋមន្ត្រីការបរទេសគិតគូពីការលើកលែងទិដ្ឋាការដល់ប្រទេសមួយចំនួនថែមទៀត ក្នុងបំណងស្ដារវិស័យទេសចរណ៍របស់ខ្លួនឲ្យខ្លាំង។

កាលពីថ្ងៃព្រហស្បតិ៍ លោក ផាំ មិញជិញ បានស្នើសុំឲ្យបណ្ដាទីភ្នាក់ងារនានា ស្រាវជ្រាវរកគោលនយោបាយនានាស្ដីពីទិដ្ឋាការ ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍បរទេស និងជួយស្ដារសន្ទុះវិស័យទេសចរណ៍របស់ខ្លួន ។

បណ្ដាប្រទេសអាស៊ីជាច្រើនកំពុងតែបង្កើនការប្រកួតប្រជែងរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស តាមរយៈគោលនយោបាយលើកលែងទិដ្ឋាការនេះ ។

កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍ ប្រទេសថៃ បានបង្កើនចំនួនប្រទេសដែលត្រូវលើកលែងទិដ្ឋាការពី ៥៧ ប្រទេស រហូតដល់ទៅ ៩៣ ប្រទេស ដោយក្នុងនោះភ្ញៀវទេសចរណ៍អាចស្នាក់នៅដោយពុំចាំបាច់មានទិដ្ឋាការរហូតដល់ទៅ ៦០ ថ្ងៃ ។

ចំណែកឯប្រទេសឥណ្ឌូនេស៊ីវិញ មានគម្រោងលើកលែងទិដ្ឋាការដល់ប្រទេសចំនួន ២០ រួមមាន អូស្ត្រាលី ចិន និងឥណ្ឌាជាដើម នៅខែតុលាខាងមុខនេះ ។

គួរបញ្ជាក់ថា ក្នុងរយៈកាល ៦ ខែមកនេះ វៀតណាមទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន ៨,៨ លាននាក់ ដែលកើនឡើងរហូតដល់ទៅ ៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ភ្ញៀវទេសចរណ៍ច្រើនបំផុតដែលទៅលេងប្រទេសវៀតណាម មានចិន និងកូរ៉េខាងត្បូង ។​ ក្នុងឆ្នាំ ២០២៤ នេះ វៀតណាមមានគោលដៅទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យបាន ១៨ លាននាក់ ។

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version