ផលិតផលកសិកម្ម​របស់​ប្រទេសវៀតណាម នាំចេញកាន់តែច្រើនឡើងទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងនោះក្នុងរយៈពេល ៦ ខែ នៃឆ្នាំ ២០២៤ នេះ ការនាំចេញផលិតផលកសិកម្ម មានទំហំទឹកប្រាក់ ១៦៤ លានដុល្លារ ដែលបានកើនឡើង ៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

កំណើនការនាំកសិផលពីប្រទេសវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះក៏ដោយសារតែតម្រូវការពីអ្នកប្រើប្រាស់បានកើនឡើងផងដែរ ។

លោក ជឿង ជូន ឃ្យូ (Jeong Joon Kyu) នាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ ប្រចាំក្រុងហូជីមិញ ប្រទេសវៀតណាម បានថ្លែងថា៖ “ផលិតផលកសិកម្មជាច្រើនរបស់វៀតណាមទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅប្រទេសកូរ៉េ ដោយសារតែគុណភាព និងតម្លៃមានភាពប្រកួតប្រជែង” ។

ការនាំចេញកាហ្វេពីប្រទេសវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ ៧៥,៦ លានដុល្លារ ដែលបានកើនឡើង ៣៩% ហើយការនាំចេញម្រេចវិញ គឺបានចំណូលជិត ២០ លានដុល្លារ ដែលកើនឡើងរហូតដល់ទៅ ១៤៧% ។

អគ្គលេខាធិការសមាគមផ្លែឈើ និងបន្លែវៀតណាម លោក ដាញ់ ភុកង្វៀន បានថ្លែងថា ប្រទេសកូរ៉េខាងត្បូងបានក្លាយជា ទីផ្សារនាំចេញធំបំផុតទីពីរសម្រាប់ផ្លែឈើ និងបន្លែពីប្រទេសវៀតណាម ។

លោកបានបន្តថា កសិផលនាំចេញច្រើនទៅប្រទេសកូរ៉េខាងត្បូង រួមមាន ស្វាយ មៀន ស្រកានាគ ចេក ម្នាស់ និងទុរេន ។

ផលិតផលនាំចេញផ្សេងទៀត ដូចជាគ្រឿងបង្គំអេឡិចត្រូនិក កុំព្យូទ័រ ទូរស័ព្ទ គ្រឿងចក្រ និងវាយនភណ្ឌ បានកើនឡើងផងដែរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version