
ក្រុងហាណូយមានបំណងចង់ធ្វើឲ្យវិស័យវារីវប្បកម្មក្លាយជាចលករសេដ្ឋកិច្ចទ្រង់ទ្រាយធំដ៏សំខាន់ តាមរយៈការផលិតឲ្យបាននូវផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ មានម៉ាកយីហោជឿទុកចិត្តបាន ហើយនិងសមត្ថភាពក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុងផង និងសម្រាប់ការនាំចេញផង ។
ក្រុងហាណូយរបស់វៀតណាមមានសក្ដានុពលខ្លាំងសម្រាប់វិស័យវារីវប្បកម្ម ។ ទំហំផ្ទៃទឹកសរុបមានរហូតដល់ទៅ ៣០.៨០០ហិកតា ដោយក្នុងនោះ ២៤.២០០ ហិកតា ត្រូវបានប្រើប្រាស់សម្រាប់ការចិញ្ចឹមត្រី ។
នៅពេលបច្ចុប្បន្ន ក្រុងហាណូយ បានបង្កើតតំបន់វារីវប្បកម្មជាច្រើនកន្លែងនៅតាមបណ្ដាស្រុកនានា ដែលមានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ការចិញ្ចឹម ដើម្បីអាចផលិតបាននូវទំនិញ ដែលមានតម្លៃខ្ពស់ ។
ជារួម ផលិតផលចេញពីវារីសត្វ ដែលបានផលិតឡើងមានចំនួន ២៦.៨០០តោន ក្នុងរយៈកាលបីខែដំបូងនៃឆ្នាំនេះ ។
លោក ង្វៀន ឌិញដាង មន្ត្រីកសិកម្មរបស់ក្រុងហាណូយបានឲ្យដឹងថា ក្រុងហាណូយមានប្រជាពលរដ្ឋប្រមាណ ២៥.៨០០ គ្រួសារ ដែលធ្វើរបរវារីវប្បកម្ម ហើយភាគច្រើនមានលក្ខណៈទ្រង់ទ្រាយតូច និងបែកខ្ញែកពីគ្នា ៕


