
ទស្សនាវដ្ដីទេសចរណ៍អាមេរិកដ៏ល្បីល្បាញមួយ ឈ្មោះ Travel + Leisure ទើបតែបានចេញផ្សាយបញ្ជីសណ្ឋាគារដែលភ្ញៀវទេសចរចូលចិត្តជាងគេបំផុតចំនួន ២០សណ្ឋាគារ នៅទូទាំងតំបន់អាស៊ី ក្នុងនោះមានសណ្ឋាគារ ២ នៅកម្ពុជា ដណ្ដើមបានលេខ១ និងលេខ៣ ។
បញ្ជីសណ្ឋាគារដែលអ្នកអានចូលចិត្តបំផុតទាំង ២០ នៅតំបន់អាស៊ី ប្រចាំឆ្នាំ២០២៤ ជាផ្នែកមួយនៃការស្ទង់មតិប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Travel + Leisure សម្រាប់ពានរង្វាន់ល្អបំផុតនៅលើពិភពលោក ជាមួយអ្នកអានទស្សនាវដ្ដីជាង ១៨៦.០០០នាក់ នៅជុំវិញពិភពលោក ។
មួយផ្នែកនៃការស្ទង់មតិ អ្នកអានទស្សនាវដ្ដធ្វើការបោះឆ្នោតឱ្យសណ្ឋាគារ ដោយផ្អែកលើលក្ខណវិនិច្ឆ័យ ជាអាទិ៍ បន្ទប់/បរិក្ខារប្រើប្រាស់ ទីតាំង សេវាកម្ម ម្ហូបអាហារ និងគុណតម្លៃ ។ ហើយលើចំណុចនីមួយៗនៃលក្ខណវិនិច្ឆ័យទាំងនេះ អ្នកអានផ្ដល់ពិន្ទុល្អបំផុត លើមធ្យម មធ្យម ក្រោមមធ្យម ឬមិនល្អ ។ ពិន្ទុសរុបចុងក្រោយ គឺជាមធ្យមភាគនៃចម្លើយទាំងអស់នេះ ។
សណ្ឋាគារដែលជាប់លេខ១ គឺសណ្ឋាគារ ផាក ហៃយ៉ាត់ សៀមរាប (Park Hayatt Siem Reap) ដែលបានពិន្ទុ ៩៩,៤០ រីឯសណ្ឋាគារមួយទៀតនៅកម្ពុជាដែរ គឺ រ៉ូសវូដ ភ្នំពេញ (Rosewood Phnom Penh) ជាប់លេខ៣ បានពិន្ទុ ៩៨,៦៧ ។
ចំណែកប្រទេសថៃជាប់ភូមិផងរបងនឹងកម្ពុជា មានសណ្ឋាគារ ៤ ដែលបានជាប់លេខក្នុងចំណោមសណ្ឋាគារទាំង ២០នេះដែរ ដោយជាប់លេខ៦ (សណ្ឋាគារ Mandarin Oriental, Bangkok), លេខ៧ (សណ្ឋាគារ Capella Bangkok), លេខ១០ (Four Seasons Hotel Bangkok at Chao Phraya River) និងលេខ១៨ (សណ្ឋាគារ The Standard, Bangkok Mahanakhon) ។
ប្រទេសជិតខាងកម្ពុជាមួយទៀត គឺវៀតណាម ក៏មានសណ្ឋាគារជាប់លេខចំនួន ២ ដែរ ដោយជាប់លេខ១៩ ដូចគ្នា (សណ្ឋាគារ Capella Hanoi) និងសណ្ឋាគារ Sofitel Legend Metropole Hanoi ៕
សម្រាប់បញ្ជីឈ្មោះសណ្ឋាគារទាំង ២០ ដែលជាប់ជាសណ្ឋាគារគេចូលចិត្តបំផុតនៅអាស៊ី សូមអានអត្ថបទដើមនៅលើគេហទំព័រ Travel + Leisure ៕


