
ក្នុងអំឡុងឆមាសទីមួយ ឆ្នាំ២០២៤ ប្រទេសវៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសមកពីប្រទេសពីរច្រើនជាងគេបំផុត គឺកូរ៉េខាងត្បូង និងចិន ។
ពីខែមករា ដល់ខែមិថុនា ទេសចរកូរ៉េខាងត្បូង ២,២លាននាក់ និងទេសចរចិន ១,៨លាននាក់ បានមកទស្សនាប្រទេសវៀតណាម ដោយក្នុងនោះ ចំនួននៃអ្នកទេសចរចិនកើនឡើងដល់ទៅ ២៣០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។
នេះបើយោងតាមតួលេខពីរដ្ឋបាលទេសចរណ៍ជាតិរបស់វៀតណាម ។
អ្នករកស៊ីក្នុងវិស័យទេសចរណ៍វៀតណាម បាននិយាយថា កំណើនចំនួនភ្ញៀវទេសចរមកពីប្រទេសទាំងនេះ គឺជាផលផ្លែផ្កាពីការបង្កើនជើងហោះហើរត្រង់រវាងទីក្រុងនានានៃប្រទេសវៀតណាម ជាមួយនឹងទីក្រុងនានានៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីភាគឦសាន ។
ប្រទេសធំៗជាងគេទាំង១០ ដែលជាប្រភពនៃភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅប្រទេសវៀតណាម រួមមាន (តាមលំដាប់លេខរៀង) កូរ៉េខាងត្បូង ចិន តៃវ៉ាន់ អាមេរិក ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា កម្ពុជា និងថៃ ។
គិតជាសរុប ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ វៀតណាមស្វាគមន៍ទេសចរបរទេសបាន ៨,៨លាននាក់ហើយ ដែលចំនួននេះកើនឡើងជិត ៦០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
សម្រាប់ឆ្នាំ២០២៤ទាំងមូល វៀតណាមដាក់គោលដៅទាក់ទាញទេសចរបរទេសឱ្យមកលេងប្រទេសរបស់ខ្លួន ឱ្យបានពី ១៧លាន ទៅ ១៨លាននាក់ ៕


