ក្នុងអំឡុង​ឆមាស​ទីមួយ​ ឆ្នាំ២០២៤ ប្រទេសវៀតណាម​ទទួលស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​ប្រទេស​ពីរ​ច្រើនជាងគេ​បំផុត គឺ​កូរ៉េខាងត្បូង និង​ចិន ។

ពីខែមករា ដល់ខែមិថុនា ទេសចរ​កូរ៉េខាងត្បូង ២,២លាននាក់ និង​ទេសចរ​ចិន ១,៨លាន​នាក់ បាន​មក​ទស្សនា​ប្រទេស​វៀតណាម ដោយក្នុងនោះ ចំនួននៃអ្នកទេសចរចិនកើនឡើងដល់ទៅ ២៣០% បើធៀបនឹង​រយៈពេលដូចគ្នា​នៃឆ្នាំ២០២៣ ។

នេះបើយោងតាម​តួលេខ​ពី​រដ្ឋបាល​ទេសចរណ៍ជាតិរបស់​វៀតណាម ។

អ្នករកស៊ីក្នុងវិស័យទេសចរណ៍វៀតណាម បាននិយាយថា កំណើនចំនួនភ្ញៀវទេសចរ​មកពីប្រទេសទាំងនេះ គឺជាផលផ្លែផ្កា​ពីការបង្កើន​ជើងហោះហើរត្រង់​រវាង​ទីក្រុងនានានៃប្រទេសវៀតណាម ជាមួយនឹង​ទីក្រុងនានានៃបណ្ដាប្រទេស​ក្នុងតំបន់អាស៊ីភាគ​ឦសាន ។

ប្រទេសធំៗជាងគេទាំង១០ ដែលជាប្រភព​នៃ​ភ្ញៀវទេសចរ​បរទេស​មក​លេងកម្សាន្ត​នៅប្រទេសវៀតណាម រួមមាន (តាមលំដាប់លេខរៀង) កូរ៉េខាងត្បូង ចិន តៃវ៉ាន់ អាមេរិក ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី ឥណ្ឌា កម្ពុជា និងថៃ ។

គិតជាសរុប ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤​ វៀតណាមស្វាគមន៍ទេសចរ​បរទេស​បាន ៨,៨លាននាក់​ហើយ ដែលចំនួននេះ​កើនឡើង​ជិត ៦០% ធៀបនឹង​រយៈពេលដូចគ្នា​នៃ​ឆ្នាំមុន ។

សម្រាប់ឆ្នាំ២០២៤ទាំងមូល វៀតណាមដាក់គោលដៅ​ទាក់ទាញ​ទេសចរ​បរទេស​ឱ្យ​មក​លេង​ប្រទេស​របស់ខ្លួន ឱ្យបានពី ១៧លាន ទៅ ១៨លាននាក់ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version