ការនាំចេញផ្លែទុរេន​របស់​វៀតណាម​ក្នុងរយៈពេល​៥​ខែ​ដើមឆ្នាំនេះ បានកើនឡើងដល់ទៅ ៧៤% បើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានចំណូលរហូតដល់ទៅ ៩១៩ លានដុល្លារ ។ នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដោយផ្អែកលើទិន្នន័យគយ ។

តាមរយៈតួលេខនេះ ធ្វើឲ្យទុរេន​បានក្លាយជាផ្លែឈើនាំចេញបានចំណូល​​ច្រើនជាងគេបំផុត​​សម្រាប់ប្រទេសវៀតណាម ។

ការនាំចេញទុរេន​​ក្នុងខែឧសភា បានប្រាក់ចំណូលរហូតដល់ទៅ ៤៥០ លានដុល្លារទៅហើយ ។​

ចំណែកឯនៅខែមិថុនា វិញ គេប៉ាន់ប្រមាណថា ការនាំចេញទុរេនរបស់វៀតណាមអាចទទួលបានចំណូល ៦០០ លានដុល្លារ​បន្ថែមទៀត ។ នេះបើយោងតាម​លោក ដាង ភុកង្វៀន អគ្គលេខាធិការ​សមាគមផ្លែឈើ និងបន្លែវៀតណាម ។

លោក​បានបន្តថា ប្រទេស​ចិនគឺជា​ទីផ្សារធំបំផុត​សម្រាប់ទុរេនវៀតណាម ក្នុងឆ្នាំនេះ។

ប្រទេសវៀតណាមប្រមូលផលទុរេន​បានពេញមួយឆ្នាំ ដែលធ្វើឲ្យវៀតណាមអាច​គេចចេញពីការ​ប្រកួត​ប្រជែង​ដោយផ្ទាល់ជាមួយនឹង​ប្រទេសថៃ ពីព្រោះប្រទេសថៃ ប្រមូលផលទុរេន​តាមរដូវកាលប៉ុណ្ណោះ ។

ដោយសារតែ​ប្រទេស​វៀតណាមនៅជាប់នឹង​ប្រទេស​ចិន ដូច្នេះ ការ​ដឹកជញ្ជូនមានការ​ចំណាយទាប​ និងឆាប់រហ័ស។

ទោះជាយ៉ាងណា ​​លោក ដាង ភុកង្វៀន បាន​ឲ្យដឹងថា កសិផលទុរេនមួយចំនួនត្រូវបាន​ប្រទេស​ចិន​បិទមិន​ឲ្យនាំចូល​ ដោយសារតែ​ផ្ទុកសារធាតុហាមឃាត់ ដោយបានប៉ះពាល់មកលើកេរ្តិ៍ឈ្មោះទុរេន​វៀតណាម​ផងដែរ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version