ឥណ្ឌូណេស៊ី​ដែល​ជា​​ប្រទេស​​ផលិត​និង​នាំចេញ​ទុរេន​​ច្រើន​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភព​លោក​ដែរនោះ មាន​គម្រោង​ពង្រីក​ផលិតកម្ម​​ដំណាំ​ទុរេន​​របស់ខ្លួន​ឲ្យកាន់តែខ្លាំងជាងមុន ។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដាក់គោលដៅ​ថា នឹង​នាំចេញ​ផ្លែទុរេន​​​ឲ្យ​បាន​ ៨​ពាន់​លាន​ដុល្លារ​​ទៅកាន់​ទីផ្សារ​​ប្រទេស​​ចិន ។

នេះបើយោងតាមការ​ចុះផ្សាយរបស់​សារព័ត៌មាន VN Express របស់​ប្រទេស​វៀតណាម ។

រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ចការ​​សមុទ្រ​និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី លោក លូហ៊ូត ប៊ីនសា ដែលជា​មន្ត្រី​សម្រប​សម្រួល​សម្រាប់​កិច្ចសហប្រតិបត្តិការ​​ជាមួយ​ប្រទេស​​ចិន​ផងដែរ​នោះ បាន​ថ្លែង​ថា ទុរេន​​អាច​មាន​សក្ដានុពល​នាំចេញ​ទៅ​កាន់​ប្រទេស​​ចិន ក្នុង​ទំហំ​ទឹក​ប្រាក់ ៨​ពាន់​លាន​ដុល្លារ ។

ដើម្បី​សម្រេច​គោលដៅ​នេះ រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​បាន​​រៀបចំ​ចម្ការ​ទុរេន​​នៅតាម​បណ្ដា​ខេត្ត​​លើ​កោះស៊ូម៉ាត្រា និង​ប៉ាពូ​ខាងលិច​ ក៏ដូចជា​​មាន​គម្រោង​​រៀបចំ​ចម្ការ​នៅតាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ផងដែរ។ បណ្ដា​ខេត្ត​ទាំងនោះ​​ត្រូវ​បាន​គេ​និយាយ​ថា អាច​​​ដាំ​ដើម​ទុរេន​ដែល​ត្រូវ​នឹង​​តម្រូវការ​ទីផ្សារ​​របស់​ប្រទេស​ចិន ។

គួរបញ្ជាក់​ថា កាលពី​ឆ្នាំ​២០២៣ ប្រទេស​​ឥណ្ឌូណេស៊ី​ដាំទុរេន​បាន​ចំនួន ១,៨៥​លាន​តោន ហើយ​ក្នុង​នោះជាង ៥០% បាន​មក​ពី​កោះជ្វា ។ ខេត្តកោះជ្វា​​ខាងលិច​​ជា​​កោះ​​ដាំ​ទុរេន​បាន​ច្រើន​ជាង​គេ​ក្នុងប្រទេស​ឥណ្ឌូណេស៊ីនោះ ៕ (អត្ថបទប្រែសម្រួល)

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version