
ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីកំពូលអាមេរិក Elon Musk កំពុងបង្ហាញពីបំណងចង់បោះទុនវិនិយោគក្នុងទឹកប្រាក់ ១៥០០លានដុល្លារ ដើម្បីនាំយកអ៊ីនធើណិតផ្កាយរណបមកកាន់ប្រទេសវៀតណាម ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។
ក្រុមហ៊ុន SpaceX បានចាប់ផ្ដើមផ្ដល់សេវាអ៊ីនធើណិតផ្កាយរណប Starlink កាលពី ៥ឆ្នាំមុន ហើយគិតមកដល់សព្វថ្ងៃ ក្រុមហ៊ុនបានបង្ហោះផ្កាយរណប ៦០០០គ្រឿង ដែលស្ទើរតែគ្របដណ្ដប់សព្វទិសទីនៅជុំវិញពិភពលោក ។
ថ្មីៗនេះ អគ្គលេខាធិការបក្សកុំម្មុយនិស្តនិងជាប្រធានាធិបតីវៀតណាម លោក តូ ឡាំ បានអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន SpaceX របស់ Elon Musk ចូលជួបសម្ដែងការគួរសម ។ ក្នុងជំនួបនោះ មន្ត្រីក្រុមហ៊ុន SpaceX បង្ហាញពីបំណងរបស់ក្រុមហ៊ុនដែលចង់រកស៊ីនៅប្រទេសវៀតណាម ។
លោកប្រធានាធិបតីវៀតណាម បាននិយាយថា រដ្ឋាភិបាលវៀតណាមកំពុងសិក្សាលើសំណើរបស់ក្រុមហ៊ុន SpaceX ដោយលោកបន្ថែមថា លោករំពឹងថា សេវាអ៊ីនធើណិតផ្កាយរណបនឹងជួយវៀតណាមក្នុងការឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនៅពេលអនាគត ។
កាលពីដើមខែនេះ ក្រុមហ៊ុន SpaceX ក៏បានប្រាប់នាយករដ្ឋមន្ត្រីវៀតណាមផងដែរថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការនាំយកអ៊ីនធើណិត Starlink ចូលមកប្រទេសវៀតណាម ។
កាលពីដើមឆ្នាំ២០២៣ SpaceX បានចាប់ផ្ដើមផ្ដល់សេវាអ៊ីនធើណិត Starlink នៅក្នុងប្រទេសហ្វ៊ីលីពីន និងម៉ាឡេស៊ី ។ រីឯប្រទេសថៃ និងវៀតណាមវិញ វិបសាយក្រុមហ៊ុនបានសរសេរថា «កំពុងរង់ចាំការអនុញ្ញាតផ្លូវច្បាប់» ៕


