
ធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក របស់ធនាគារ អេស៊ីលីដា សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ។
ពិធីចុះហត្ថលេខានេះបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃរវាង នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ពិធីចុះអនុស្សរណៈនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀតរបស់ក្រសួងមហាផ្ទៃ និងធនាគារ អេស៊ីលីដាផងដែរ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ អ្នកដំណើរដែលបំពេញបែបបទ និងស្នើសុំវីសានៅតាមបញ្ជរអាកាសយាន្តដ្ឋានអន្តរជាតិនៅកម្ពុជា អាចទូទាត់កម្រៃសេវាទិដ្ឋាការតាមរយៈសេវាកម្មធនាគារ អេស៊ីលីដា ម៉ាស៊ីនឆូតកាត (POS Terminal) ដែលអាចប្រើជាមួយប្រភេទកាត Master Card, Visa Card, Union Pay, JCB, Dinner Club International និងស្កេនអេចឃ្យូអរកូត (KHQR Code)។
អនុស្សរណៈ នៃការយោគយល់គ្នានេះ មានសារៈសំខាន់ខ្លាំងណាស់ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អ្នកដំណើរអន្តរជាតិធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលបានទិដ្ឋាការ និងបំពេញសលាកបត្រចូលប្រទេសកម្ពុជាតាមប្រព័ន្ធអនឡាញ ៕


