
ប្រទេសថៃ ដែលនៅជាប់ភូមិផងរបងជាមួយនឹងកម្ពុជានោះ បានទទួលភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត ២០លាននាក់ហើយ ក្នុងឆ្នាំ២០២៤នេះ ដែលកើនឡើងប្រមាណ ៣៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ គួរបញ្ជាក់ថា ប្រទេសថៃជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមពីក្រោយប្រទេសឥណ្ឌូនេស៊ី ។
ប្រទេសថៃកំពុងព្យាយាមទាក់ទាញទេសចរណ៍បរទេសឲ្យមកលេងបានច្រើន ។ ចាប់ផ្ដើមពីថ្ងៃទី ២២ កក្កដានេះទៅ ប្រទេសថៃ បានលើកលែងទិដ្ឋការរយៈពេល ៦០ ថ្ងៃសម្រាប់ភ្ញៀវទេសចរណ៍បរទេសមកពីប្រទេស និងតំបន់ចំនួន ៩៣ ។
ក្នុងឆ្នាំ ២០២៤ នេះទាំងមូល ថៃមានគោលដៅធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរណ៍បរទេសឲ្យមកលេងឲ្យបាន ៤០ លាននាក់ ។
នៅឆ្នាំ ២០១៩ មុនផ្ទុះជំងឺកូវីដ-១៩ ប្រទេសថៃ បានទទួលភ្ញៀវទេសចរណ៍បរទេសជិត ៤០ លាននាក់ និងរកចំណូល បានជិត ៥២ ពាន់លានដុល្លារ ៕


