
ឥណ្ឌូណេស៊ីដែលជាប្រទេសផលិតនិងនាំចេញទុរេនច្រើនជាងគេបំផុតមួយក្នុងពិភពលោកដែរនោះ មានគម្រោងពង្រីកផលិតកម្មដំណាំទុរេនរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុន ។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដាក់គោលដៅថា នឹងនាំចេញផ្លែទុរេនឲ្យបាន ៨ពាន់លានដុល្លារទៅកាន់ទីផ្សារប្រទេសចិន ។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express របស់ប្រទេសវៀតណាម ។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគរបស់ឥណ្ឌូណេស៊ី លោក លូហ៊ូត ប៊ីនសា ដែលជាមន្ត្រីសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនផងដែរនោះ បានថ្លែងថា ទុរេនអាចមានសក្ដានុពលនាំចេញទៅកាន់ប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ ។
ដើម្បីសម្រេចគោលដៅនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានរៀបចំចម្ការទុរេននៅតាមបណ្ដាខេត្តលើកោះស៊ូម៉ាត្រា និងប៉ាពូខាងលិច ក៏ដូចជាមានគម្រោងរៀបចំចម្ការនៅតាមបណ្ដាខេត្តផ្សេងទៀតផងដែរ។ បណ្ដាខេត្តទាំងនោះត្រូវបានគេនិយាយថា អាចដាំដើមទុរេនដែលត្រូវនឹងតម្រូវការទីផ្សាររបស់ប្រទេសចិន ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីដាំទុរេនបានចំនួន ១,៨៥លានតោន ហើយក្នុងនោះជាង ៥០% បានមកពីកោះជ្វា ។ ខេត្តកោះជ្វាខាងលិចជាកោះដាំទុរេនបានច្រើនជាងគេក្នុងប្រទេសឥណ្ឌូណេស៊ីនោះ ៕ (អត្ថបទប្រែសម្រួល)


