គម្រោងវិនិយោគរួមគ្នាមួយរវាងក្រុមហ៊ុន NTT Docomo និង​ក្រុមហ៊ុន NEC របស់​ប្រទេសជប៉ុន នឹងធ្វើតេស្ត​សាកល្បង​បណ្ដាញ​​អ៊ីនធឺណិត​គ្មានខ្សែ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលអាចនឹងឈានទៅដល់​ការផ្ដល់សេវាកម្ម 5G នៅក្នុង​ប្រទេស​មួយនេះ ។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មាន Nikkei របស់​ជប៉ុន ។

គម្រោង​អាជីវកម្មរួមគ្នា ដែល​មានឈ្មោះថា Orex Sai នឹង​កសាង​បណ្ដាញ 4G នៅឯ​អគារពាណិជ្ជកម្ម​ដ៏ធំមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងពេលឆាប់ៗនេះ ដោយ​បណ្ដាញ​នេះ​នឹង​បម្រើ​ជា​ប្រព័ន្ធ​សម្រាប់​ផ្លាស់ប្ដូរទៅជាបណ្ដាញ 5G នៅពេលអនាគត ។

ក្រុមហ៊ុន NTT Docomo និង NEC មានគោលបំណង​ផ្ដល់​ជម្រើសមួយ​ជំនួស​បច្ចេកវិទ្យាបណ្ដាញ​របស់​ក្រុមហ៊ុន Huawei របស់ចិន នៅក្នុងទីផ្សារតូចៗ​ដែលកំពុង​មានតម្រូវការកើនឡើង ។ បណ្ដាញទូរគមនាគមន៍របស់​កម្ពុជា​ពឹងផ្អែក​លើ​ឧបករណ៍របស់​ Huawei ។

គម្រោងដែលគាំទ្រដោយ​រដ្ឋាភិបាលជប៉ុន​នៅកម្ពុជា​នេះ​ នឹង​ប្រើប្រាស់​បច្ចេកវិទ្យា Open RAN (បណ្ដាញ​រលកវិទ្យុ) ដែលជាវិធីសាស្ត្រ​ចំណាយទាប​ដែលផ្គុំ​បញ្ចូលគ្នាដោយ​ឧបករណ៍​ផលិតដោយ​ក្រុមហ៊ុនផ្សេងៗគ្នា ។

ប្រទេសចិនគ្របដណ្ដប់​ទីផ្សារ​ស្ថានីយ​បណ្ដាញ​គ្មាន​ខ្សែ​នៅលើពិភព​លោក ដោយ​បូករួមបញ្ចូលគ្នាទៅ ទាំង Huawei និង ZTE របស់​ចិនក្ដោបក្ដាប់​ចំណែកទីផ្សារដល់ទៅជាង ៤០% នៃទីផ្សារ​ស្ថានីយ​មេ​សម្រាប់បណ្ដាញ 5G នៅជុំវិញពិភពលោក ។ ចំណែក​ឯ​ក្រុមហ៊ុនជប៉ុនវិញ​ក្ដោបក្ដាប់ទីផ្សារតែ ៣,១% ប៉ុណ្ណោះ ។

ក្រុមហ៊ុន NEC របស់ជប៉ុន​បាន​ជំរុញការប្រើប្រាស់បច្ចេកវិទ្យា Open RAN ប៉ុន្តែ ជួបការលំបាកដោយសារតែមិនសូវមានគេនិយមប្រើ ពីព្រោះវាត្រូវការការវិនិយោគ​ជា​មុន​ច្រើន​ ។ ប៉ុន្តែ NEC បានចាប់ដៃគូជាមួយ NTT Docomo ដោយសារពួកគេ​មានជំនាញ​ខាង​ប្រតិបត្តិការ​ស្ថានីយ​បណ្ដាញមេ ។

រដ្ឋាភិបាលជប៉ុននឹងផ្ដល់ឧបត្ថម្ភធន​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់ការធ្វើតេស្តសាកល្បង​បច្ចេកវិទ្យានេះ ។ ការធ្វើតេស្ត​សាកល្បង​របស់​គម្រោង Orex Sai នៅកម្ពុជា នឹង​ជា​គម្រោង​ដំបូង​គេ​ដែល​ទទួលជំនួយពីរដ្ឋាភិបាលជប៉ុន ។

កាលពីខែធ្នូ ឆ្នាំទៅមិញ អតីតនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ និងនាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត បាន​ព្រមព្រៀងគ្នានៅទីក្រុងតូក្យូ ក្នុងការ​កែលម្អ​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​កម្ពុជា និង​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​អ្នកជំនាញវិស័យនេះ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version