
មួយគ្រួសារមានសមាជិក ៤នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ទម្លុះចំក្បាលម្នាក់១គ្រាប់នៅក្នុងផ្ទះ ដែលស្ថិតនៅក្នុងក្រុងសុងក្លា នៃខេត្តសុងក្លា ភាគខាងត្បូងប្រទេសថៃ ។
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ។
សាកសពដែលគេប្រទះឃើញ នៅថ្ងៃចន្ទម្សិលមិញនេះ រួមមាន ប្ដី ប្រពន្ធ និងកូនប្រុសស្រីវ័យជំទង់ ២នាក់ សរុប ៤នាក់ ។
ប៉ូលិសស្រុកមួងនៃខេត្តសុងក្លា បាននិយាយថា នៅវេលាម៉ោងជិត ៤រសៀល ថ្ងៃចន្ទ មានអ្នកហៅទូរសព្ទទៅប៉ូលិសរាយការណ៍ពីករណីសង្ស័យអត្តឃាតមួយគ្រួសារ ។
នៅពេលប៉ូលិសទៅដល់ នៅបន្ទប់ទទួលភ្ញៀវនៅជាន់ផ្ទាល់ដី គេឃើញសាកសពអតីតមន្ត្រីក្រុមប្រឹក្សាក្រុងសុងក្លា លោក ចៃចាន់ ខ្វាន់សេង អាយុ ៦១ឆ្នាំ និងកូនប្រុស ឈ្មោះ ខាណេត អាយុ ១៦ឆ្នាំ ។
នៅជាន់ទីពីរ ប៉ូលិសរកឃើញសាកសពពីរនាក់ទៀតនៅក្នុងបន្ទប់ដេកផ្សេងគ្នា គឺកូនស្រី ឈ្មោះ កុតវ៉ាកន អាយុ ១៨ឆ្នាំ និងប្រពន្ធរបស់លោក ចៃចាន់ ឈ្មោះ ណាត់ផាផាត់ អាយុ ៤៧ឆ្នាំ ។ នៅក្នុងដៃប្រពន្ធ ប៉ូលិសឃើញមានកាំភ្លើងខ្លីមួយដើម ។
បើតាមប៉ូលិសឱ្យដឹងថា ភរិយារបស់ជនរងគ្រោះបានប្រាប់បងប្អូននៅមុនហេតុការណ៍ ថាខ្លួនមានបញ្ហាវិបត្តិបំណុល ។ បច្ចុប្បន្ន ប៉ូលិសថៃកំពុងស៊ើបអង្កេតករណីនេះជាបន្ត នៅឡើយ ៕


