
តារា ហ្វូត គឺជាសិប្បកម្មខ្មែរក្នុងស្រុកបង្កើតឡើងអំឡុងឆ្នាំ២០២៧ កែច្នៃនិងផលិតប្រេងជាច្រើនមុខចេញពីគ្រាប់ធញ្ញជាតិ ដែលកំពុងតែចែកចាយពេញផ្សារទំនើបតូចធំនៅក្នុងប្រទេសកម្ពុជា ។
លោក ម៉ៅ ច័ន្ទតារា ម្ចាស់សិប្បកម្ម តារា ហ្វូត បានឲ្យដឹងថា មុននឹងបង្កើតចេញជាសិប្បកម្មនេះឡើង គឺផ្តើមចេញពីការផលិតប្រេងចេញពីគ្រាប់ធញ្ញជាតិហូបនៅក្នុងគ្រួសាររបស់លោកផ្ទាល់ ប៉ុន្តែដោយសារតែបងប្អូននិងអ្នកជិតខាងយកទៅប្រើប្រាស់ទៅឃើញថា ប្រេងដែលផលិតចេញពីគ្រាប់ធញ្ញជាតិល្អ លោកក៏ចាប់ផ្តើមស្រាវជ្រាវនិងច្នៃទៅជាប្រេងច្រើនមុខ ដាក់លក់នៅលើទីផ្សារតែម្ដងទៅ។
លោក ច័ន្ទតារា បានរៀបរាប់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ យើងអាចផលិតបាន៥មុខ ផ្តោតលក់នៅលើទីផ្សារ មានដូចជា ប្រេងល្ងខ្មៅ ប្រេងសណ្តែកដី ប្រេងសណ្តែកផ្កាយ ប្រេងដូង និងប្រេងស្លឹកគ្រៃ ប៉ុន្តែ រាល់គ្រប់ប្រេងគ្រាប់ធញ្ញជាតិអ្វីក៏យើងអាចផលិតបានដែរ ឲ្យតែមានតម្រូវការ អាចផលិតបានទាំងអស់ ។»
លោកបានបន្តថា ក្រៅពីផលិតផលប្រេង លោកអាចកែច្នៃនិងផលិតបានច្រើនទៀត មានដូចជា ប្រភេទតែម្រុំ តែខ្ញី តែសណ្តែកផ្កាយ និងតែស្លឹកគ្រៃ ក៏ដូចជាតែខ្ញីខ្មៅ ជាដើម ។
ដោយឡែកវត្ថុធាតុដើមដែលប្រមូលទិញ គឺមកពីកសិករក្នុងស្រុកដោយផ្ទាល់ ដូចជា ទិញមកពីខេត្តបាត់ដំបង កំពង់ចាម ស្ទឹងត្រែង ក្រចេះ និងកំពង់ឆ្នាំង ជាដើម ពោលគឺវត្ថុធាតុដើមទាំងនោះមិនពិបាករកឡើយ ។
ចំពោះទីផ្សារប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូលវិញ លោក ច័ន្ទតារា និយាយថា លោកមិនខ្លាចនឹងប្រកួតទេ ដោយសារតែផលិតផលនាំចូលមានបង់ពន្ធ ហើយចំពោះផលិតផលក្នុងស្រុកអត់មានជាប់ពន្ធអ្វីឡើយ ប៉ុន្តែ ផលិតផលរបស់លោកហាក់មានតម្លៃខ្ពស់ជាងផលិតផលនាំចូលទៅទៀត ដោយសារតែលោកផ្តោតលើគុណភាពនៃផលិតផល ។
បច្ចុប្បន្ននេះ ផលិតផលរបស់លោកបានដាក់លក់នៅតាមផ្សារទំនើប ដូចជា ផ្សារម៉ាក្រូ អ៊ីអន និងផ្សារម៉ាតតូចធំជាច្រើនកន្លែងទៀតនៅភ្នំពេញ រួមទាំងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។
លោកបានបញ្ជាក់ថា សម្រាប់ប្រេងដែលចេញពីសិប្បកម្មរបស់លោក អ្នកដែលធ្លាប់ទិញលើកទីមួយ គេនឹងបន្តទិញរហូត ទោះបីជាតម្លៃខ្ពស់បន្តិចមែន ប៉ុន្តែ ចំពោះគុណភាព ការវេចខ្ចប់ និងការក្សាទុកមិនចាញ់របស់នាំចូលឡើយ ។
សិប្បកម្ម តារា ហ្វូត មានមហិច្ឆតាធំ ទៅថ្ងៃខាងមុខ គ្រោងនឹងពង្រីកទំហំនៃការផលិតដើម្បីចែកចាយផលិតផលដែលផលិតដោយស្នាដៃកូនខ្មែរផ្ទាល់ ទៅកាន់ផ្សារទំនើបតូចធំ ទោះបីការផលិតមិនអាចផ្គត់ផ្គង់បាន១០០ភាគរយនៅលើទីផ្សារក្តី ប៉ុន្តែ យ៉ាងហោចណាស់ ជួយកាត់បន្ថយផលិតផលនាំចូល ហើយក៏មានមោទកភាពដែលខ្មែរយើងអាចផលិតបាន ៕


