នៅប្រទេសម៉ាឡេស៊ី វិស័យទេសចរណ៍បានដាក់ចេញកញ្ចប់ទេសចរណ៍ថ្មីមួយបែបទៀត ដែលមានតម្លៃដល់ទៅជិត ១ពាន់ដុល្លារក្នុងមួយកញ្ចប់ ។
ផលិតផលទេសចរណ៍ថ្មីនេះ ឈ្មោះថា «កញ្ចប់ទេសចរណ៍ទុរេន» ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរដើរកម្សាន្តនៅតាមចម្ការទុរេន បោះតង់បែបប្រណីត ឬដើរលេងក្នុងព្រៃ ។
កញ្ចប់ទេសចរណ៍ថ្មីនេះ ផ្ដល់ដោយប្រតិបត្តិករសេវាទេសចរណ៍ ២៧កន្លែង នៅទូទាំង ១២រដ្ឋរបស់ម៉ាឡេស៊ី ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ។

តម្លៃកញ្ចប់ទេសចរណ៍ទុរេន ទាបបំផុត គឺ ៤០ដុល្លារក្នុងមនុស្សម្នាក់ សម្រាប់សកម្មភាពធម្មតាៗ ដូចជាហូបទុរេនមួយចំអែត ។ តម្លៃខ្ពស់បំផុត អាចដល់ជិត ១០០០ដុល្លារ សម្រាប់គោលដៅស្នាក់នៅ ២យប់ នៅតាមរមណីយដ្ឋានលំដាប់ប្រណីតៗ ។
សម្រាប់កញ្ចប់ទេសចរណ៍សម្រាប់លំដាប់អ្នកមាននេះ ភ្ញៀវទេសចរអាចចូលរួមសកម្មភាពនានា ដូចជា បេះទុរេននៅចម្ការ ថ្នាក់រៀនធ្វើម្ហូប សេវាបោះតង់បែបប្រណីត និងការដើរព្រៃ ជាដើម ។
នៅម៉ាឡេស៊ី ទេសចរណ៍ទុរេនពេញនិយមខ្លាំងក្នុងអំឡុងរដូវប្រមូលផលទុរេន ពីចុងខែឧសភា ដល់ខែសីហា ។
នៅឆ្នាំ២០២៤នេះ ម៉ាឡេស៊ីមានផែនការទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ឱ្យបាន ២៧លាននាក់ ៕