មាន​ដី​ទទឹង​ប្រមាណ ១០​ម៉ែត្រ​និង​បណ្តាយ​២០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក សាន ធារ៉ា វ័យ​​៥០​ឆ្នាំ​ប្លាយ បាន​ចាប់​យក​មុខ​របរ​ចិញ្ចឹម​កណ្តូប​នៅ​ក្បែរ​ផ្ទះ ដោយ​អាចបង្កើត​ចំណូល​បាន​ពីរ​ច្រក ទីមួយ​គឺ​បំពង​កណ្តូប​លក់​ខ្លួន​ឯង និង​ទីពីរ លក់​កណ្តូប​រស់ ។

លោក សាន ធារ៉ា បាន​រៀបរាប់​ថា «ខ្ញុំ​ចាប់ផ្តើម​ហ្នឹង គឺបាន​បី​វគ្គ​ហើយ ប្រហែល​ជា​៤​ខែ​មក​ហើយ ហើយការលូតលាស់​របស់​ខ្ញុំ​ឃើញ​ថា កត់​សម្គាល់​វិជ្ជមាន កាលដំបូង​មក ខ្ញុំ​បាន​ទិញ​ពូជ​ពីបងៗ​ដែល​គាត់ចិញ្ចឹម​មុន តែរយៈបីខែ​គឺ​ខ្ញុំទទួល​បាន​លទ្ធផល ។ កាលដំបូង ខ្ញុំទិញតែ​២​ខាំ​ពង​មក​ទេ ហើយ​ខ្ញុំ​បានធ្វើ​វា​បានជោគជ័យ នៅ​ពេលបច្ចុប្បន្ន​នេះ ខ្ញុំ​បាន​កំពុង​ពង្រីក​បាន​ចំនួន​៤​មុង​ហើយ ។»

លោកបានបន្តថា ការ​ចាប់​ផ្តើម​ចិញ្ចឹម​កណ្តូប​ដំបូងៗ ក៏​ពិបាក​ដែរ ហើយ​ការលំបាក​នោះ​គឺ​មិន​ទាន់ស្គាល់​ចំណី​របស់​កណ្តូប ហើយក៏​មិនដឹង​ពី​របៀប​ភ្ញាស់​ពង​កណ្តូប​ដែរ ប៉ុន្តែ ក្រោយ​ពេល​ស្រាវជ្រាវ និងមើល​វីដេអូ​គេ​ធ្លាប់​ចិញ្ចឹម និង​បូករួម​ទាំង​ពិសោធន៍​ខ្លួនឯង​ផ្ទាល់ ចិញ្ចឹម​យូរៗ​ទៅ ឃើញ​ថា មាន​លទ្ធផលច្រើន ពោល​គឺ​កណ្តូប​ស្រួល​រក​ចំណី​ឲ្យ​ស៊ី​ណាស់ ដូចជា ប្រភេទ​ស្មៅ​ឃីង​ក្រាស ស្លឹក​​ចេក និង​ប្រភេទ​ស្មៅ​ជាច្រើន​ប្រភេទ​ទៀត​ដែល​កណ្តូប​អាច​ស៊ី​បាន ។

លោក​បាន​បន្ថែម​ថា ពីដំបូង លោក​ទិញ​ពង​កណ្តូប​ពី​គេមក​ភ្ញាស់ តែ​ឥឡូវ​នេះ លោក​អាច​ភ្ញាស់​ពងកណ្តូប​ដោយ​ខ្លួន​ឯង​បាន​ដែរ លក់​ពង​កណ្តូប​ផង លក់​កណ្តូប​រស់​ផង ខណៈ​ដែល​បច្ចុប្បន្ន​នេះ លោកចិញ្ចឹម​កណ្តូប​ប្រមាណ​ជា ៤​មុង ឬ​ ៤​ទ្រុង ដោយ​ក្នុង​មួយ​មុង​អាច​ប្រមូលផល​បាន​ប្រមាណ​ជា ១០​គីឡូ ដោយ​មួយ​គីឡូ​លក់​ទៅ​ទីផ្សារ​ក្នុង​តម្លៃ​ប្រមាណ ១០​ដុល្លារ ។

កសិកររូបនេះ​បាន​រៀបរាប់​បន្ថែម​ទៀត​ថា « ការទិញ​កណ្តូប​សាច់​ឲ្យ​តែ​ថាមាន គឺ​ថ្ងៃណា​ក៏​គេយក​ដែរ ។ ខ្ញុំយល់ឃើញ​ថា អាជីវកម្ម​នេះ​គឺល្អ បើអ៊ីចឹងទេ ខ្ញុំផែនការ​របស់​ខ្ញុំ​គឺ​ខ្ញុំ​ពង្រីក​យ៉ាង​តិច​ក៏​ឲ្យ​បាន ១០​មុងទៀត ហើយ​ខ្ញុំ​នឹង​បង្រៀន​បងប្អូន​ដែល​ជា​សមាជិក​របស់​ខ្ញុំ​ហ្នឹង ឲ្យ​ធ្វើ​បាន​ដូច​ខ្ញុំ​ដែរ » ។

កសិករ​ចិញ្ចឹម​កណ្តូប​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ចិញ្ចឹម​កណ្តូប​នេះ​គឺ​ជា​មុខ​របរ​ល្អ ជា​មុខ​របរ​នៅ​ផ្ទះ មិនសូវ​ជា​រវល់​ប៉ុន្មាន​ទេ មុខ​របរ​មួយ​នេះ​ក៏​អាច​រក​ចំណូល​គ្រាន់​បើ​ដែរ​ប្រសិន​ជា​ចេះ​ច្បាស់​លាស់ ហើយ​លោកក៏ត្រៀម​នឹង​ពង្រីក​កន្លែង​ចិញ្ចឹម​បន្ថែម​ទៀត អាច​លក់​ទាំង​ពង​កណ្តូប និង​កណ្តូប​សាច់​បន្ថែម​ទៀត ខណៈ​មុខ​របរ​ចិញ្ចឹម​កណ្តូប​នេះ​មិន​សូវ​ជា​មាន​អ្នក​ចិញ្ចឹម​ច្រើន​នៅ​ឡើយ​ទេ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version