មានដីទទឹងប្រមាណ ១០ម៉ែត្រនិងបណ្តាយ២០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក សាន ធារ៉ា វ័យ៥០ឆ្នាំប្លាយ បានចាប់យកមុខរបរចិញ្ចឹមកណ្តូបនៅក្បែរផ្ទះ ដោយអាចបង្កើតចំណូលបានពីរច្រក ទីមួយគឺបំពងកណ្តូបលក់ខ្លួនឯង និងទីពីរ លក់កណ្តូបរស់ ។
លោក សាន ធារ៉ា បានរៀបរាប់ថា «ខ្ញុំចាប់ផ្តើមហ្នឹង គឺបានបីវគ្គហើយ ប្រហែលជា៤ខែមកហើយ ហើយការលូតលាស់របស់ខ្ញុំឃើញថា កត់សម្គាល់វិជ្ជមាន កាលដំបូងមក ខ្ញុំបានទិញពូជពីបងៗដែលគាត់ចិញ្ចឹមមុន តែរយៈបីខែគឺខ្ញុំទទួលបានលទ្ធផល ។ កាលដំបូង ខ្ញុំទិញតែ២ខាំពងមកទេ ហើយខ្ញុំបានធ្វើវាបានជោគជ័យ នៅពេលបច្ចុប្បន្ននេះ ខ្ញុំបានកំពុងពង្រីកបានចំនួន៤មុងហើយ ។»

លោកបានបន្តថា ការចាប់ផ្តើមចិញ្ចឹមកណ្តូបដំបូងៗ ក៏ពិបាកដែរ ហើយការលំបាកនោះគឺមិនទាន់ស្គាល់ចំណីរបស់កណ្តូប ហើយក៏មិនដឹងពីរបៀបភ្ញាស់ពងកណ្តូបដែរ ប៉ុន្តែ ក្រោយពេលស្រាវជ្រាវ និងមើលវីដេអូគេធ្លាប់ចិញ្ចឹម និងបូករួមទាំងពិសោធន៍ខ្លួនឯងផ្ទាល់ ចិញ្ចឹមយូរៗទៅ ឃើញថា មានលទ្ធផលច្រើន ពោលគឺកណ្តូបស្រួលរកចំណីឲ្យស៊ីណាស់ ដូចជា ប្រភេទស្មៅឃីងក្រាស ស្លឹកចេក និងប្រភេទស្មៅជាច្រើនប្រភេទទៀតដែលកណ្តូបអាចស៊ីបាន ។
លោកបានបន្ថែមថា ពីដំបូង លោកទិញពងកណ្តូបពីគេមកភ្ញាស់ តែឥឡូវនេះ លោកអាចភ្ញាស់ពងកណ្តូបដោយខ្លួនឯងបានដែរ លក់ពងកណ្តូបផង លក់កណ្តូបរស់ផង ខណៈដែលបច្ចុប្បន្ននេះ លោកចិញ្ចឹមកណ្តូបប្រមាណជា ៤មុង ឬ ៤ទ្រុង ដោយក្នុងមួយមុងអាចប្រមូលផលបានប្រមាណជា ១០គីឡូ ដោយមួយគីឡូលក់ទៅទីផ្សារក្នុងតម្លៃប្រមាណ ១០ដុល្លារ ។
កសិកររូបនេះបានរៀបរាប់បន្ថែមទៀតថា « ការទិញកណ្តូបសាច់ឲ្យតែថាមាន គឺថ្ងៃណាក៏គេយកដែរ ។ ខ្ញុំយល់ឃើញថា អាជីវកម្មនេះគឺល្អ បើអ៊ីចឹងទេ ខ្ញុំផែនការរបស់ខ្ញុំគឺខ្ញុំពង្រីកយ៉ាងតិចក៏ឲ្យបាន ១០មុងទៀត ហើយខ្ញុំនឹងបង្រៀនបងប្អូនដែលជាសមាជិករបស់ខ្ញុំហ្នឹង ឲ្យធ្វើបានដូចខ្ញុំដែរ » ។
កសិករចិញ្ចឹមកណ្តូបរូបនេះបានបញ្ជាក់ថា ការចិញ្ចឹមកណ្តូបនេះគឺជាមុខរបរល្អ ជាមុខរបរនៅផ្ទះ មិនសូវជារវល់ប៉ុន្មានទេ មុខរបរមួយនេះក៏អាចរកចំណូលគ្រាន់បើដែរប្រសិនជាចេះច្បាស់លាស់ ហើយលោកក៏ត្រៀមនឹងពង្រីកកន្លែងចិញ្ចឹមបន្ថែមទៀត អាចលក់ទាំងពងកណ្តូប និងកណ្តូបសាច់បន្ថែមទៀត ខណៈមុខរបរចិញ្ចឹមកណ្តូបនេះមិនសូវជាមានអ្នកចិញ្ចឹមច្រើននៅឡើយទេ ៕