ស្ថិតនៅភូមិព្រៃចម្ការ ឃុំ​ស្មោងខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង លោក ហង់ ខុន មានវ័យ​ខ្ទង់ ៥០ឆ្នាំ បាន​ចាប់​យក​មុខ​របរ​ចិញ្ចឹម​កង្កែប​អស់​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ​មក​ហើយ ដោយ​ការ​ចិញ្ចឹម​របស់​លោក ទោះបី​ជា​មិន​ធំ​ដូច​កសិដ្ឋាន ប៉ុន្តែ​ក៏​អាច​រក​ចំណូល​បាន​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​គ្រាន់​បើ​ដែរ ។

លោក ហង់ ខុន បាន​រៀបរាប់​ថា « ដំបូងទិញពូជពីគេដែរ ទិញប្រហែលមេ​៨​ ពូជ ឈ្មោល ៨ក្បាល យក មក​បង្កាត់ ។ ខ្ញុំក៏បានលក់​កូន​បាន លក់ឲ្យ​គេមួយ​វគ្គ​អ៊ីចឹងទៅ ខ្ញុំបាន​ប្រហែល​២​ពាន់​កូន វគ្គក្រោយ​ខ្ញុំបាន​២​ពាន់​កូន​ទៀត លក់​កូន​ឲ្យ​គេ ហើយ​ក្នុង​មួយ​កូន​ ខ្ញុំបាន​តែ​៥​០០​ទេ  ហើយ​នៅសេសសល់ ប្រហែលជា​២ពាន់​ជាង ខ្ញុំចិញ្ចឹម​សាច់ រយៈ​បីខែហ្នឹង ក៏ខ្ញុំលក់​បាន​ប្រហែល​ជា​១០០​គីឡូ ហើយ​នៅសល់​ប្រហែលជា ៣-៤​រយ​ក្បាល​ដែរ នៅចេះតែធំៗ​ទៅ ចេះតែទុក ដូចថា​ហូប​ខ្លះ​ទៅ ហើយ​បងប្អូន​ត្រូវការ​ទិញ​ហូប ១គីឡូហ្នឹង ក៏​១ម៉ឺន​២ពាន់[រៀល]​អ៊ីចឹងទៅ»។ 

លោក​បាន​បន្ត​ថា ការចិញ្ចឹម​កង្កែប​នេះ​ដែរ លោកគ្រាន់តែ​មើល​តាម​វីដេអូ​គេ​ចិញ្ចឹម ហើយ​ក៏រៀន​ចិញ្ចឹមតាម​គេ ដំបូងៗ​ក៏ជួប​បញ្ហា​ដែរ ចិញ្ចឹម​ទៅ​ងាប់ មិន​ចេះ​ភ្ញាស់កូន តែយូរៗ​ទៅ ចាប់​ផ្តើម​ដឹង និង​អនុវត្តចេញ​ដោយ​ខ្លួន​ឯង ។ ដូច្នេះ រយៈពេល​ពីរ​ឆ្នាំ​នៃ​ការចិញ្ចឹម​កង្កែប​របស់​លោក គឺ​អាច​រក​ចំណូល​បាន​ពីរច្រក ទីមួយ​គឺភ្ញាស់​កូន​យក​លក់ ហើយ​ចំណែកឯ​ទីពីរ​នោះ គឺ​លក់​កង្កែប​សាច់ ។

ដោយឡែក ចំពោះ​កូន​ដែល​ពេល​ភ្ញាស់​លក់​ប្រហែល​ប៉ុន​ម្រាម​ដៃ លក់​តម្លៃ ៣០០រៀល ទៅ ៥០០​រៀល អាស្រ័យ​តាម​តូច​ធំ ចំណែកឯ​កង្កែប​សាច់​វិញ លក់​បោះដុំ​ឲ្យ​ទៅ​ម៉ូយ​ក្នុង​មួយ​គីឡូ​កង្កែប​ប្រហែល ៧ ទៅ ៨​កង្កែប តម្លៃ​បោះដុំ​ ៧០០០​រៀល ។ លោក ហង់ ខុន បាន​បន្ត​ថា តម្លៃ​នេះ​ធ្លាក់​បន្តិច ខណៈ​ដែលពីមុន​មក លក់​បាន​ជាង ១​ម៉ឺន​រៀល ដោយសារ​តែ​រដូវ​កង្កែប​គេ​ផលិត​បាន​ច្រើន ធ្វើ​ឲ្យ​ទីផ្សារ​សម្បូរ ប៉ុន្តែ ខែ​ណា​ដែល​គេ​ផលិត​មិន​សូវ​បាន​ តម្លៃ​កង្កែប​នឹង​ឡើង​ថ្លៃ​វិញ ។

កសិករ​រូប​នេះ​បាន​រៀបរាប់​បន្ថែម​ថា «គេ​យក​ទៅ​ភ្នំពេញ ឃើញ​គេ​ដឹក​ម្តង ៤០០-៥០០​គីឡូ​ឯ​ណុះ ម៉ូតូ​គេ​យក​គ្រប់​កន្លែង គេ​មក​យក​ដាក់​ឡាន អត់​ពិបាក​ទេ ។ អ្នកហូប​គេ​ទិញ​ម្តង​៤-៥គីឡូដែរ អាធំៗ​ហ្នឹង ហើយ​ខែ​ដែល​គេ​ហូប​ខ្លាំង ខែ​យើង​ចូល​ឆ្នាំ អ៊ីចឹង​បាន​ខ្ញុំ​ស្តុកទុក​អា​ធំៗ ខ្ញុំ​លក់​មួយ​ប្រាវ​ចូលឆ្នាំហ្នឹង ច្រើន​គីឡូ ៥០-៦០​គីឡូ​ដែរ ។»

អ្នក​ចិញ្ចឹម​កង្កែប​រូប​នេះ​បាន​បញ្ជាក់​ថា លោក​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ៧៥​ម៉ឺន​រៀល ក្នុង​ការចិញ្ចឹម​កង្កែប​មួយ​សា ដោយ​អាច​ចាប់​លក់​បាន​បន្ទាប់​ពី​ចំណាយពេល​ចិញ្ចឹម​ប្រហែល​ជា​​៣​ខែ អាស្រ័យទៅ​លើ​ការចិញ្ចឹម​តិច ឬ​ច្រើន បើ​ទូទាត់​ថ្លៃ​ចំណី​អស់​ គឺ​សល់ ៤០​ម៉ឺន​រៀល​ដែរ ។ ប៉ុន្តែ លោកថា ការចិញ្ចឹមកង្កែប​នេះ​មិន​ពិបាក​ដូច​ចិញ្ចឹម​សត្វ​ផ្សេងៗ​ទេ ដាក់តែ​ចំណី ប្តូរ​តែ​ទឹក សល់​ពេល​ទំនេរ​ ចិញ្ចឹម​លេងៗបាន ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version