កសិដ្ឋានផលិតកូនបង្កងឬហៅបង្កងដៃវែងមួយកន្លែងដំបូងគេ ដោយយកពូជពីប្រទេសអ៊ីស្រាអែលនិងអ្នកជំនាញពីបង់ក្លាដេស មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមួយខែៗ​ចែកចាយ​កូន​បង្កង​មិន​ក្រោម ១០ម៉ឺន​កូនឡើយ ទៅតាមបណ្តា​ខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក អុយ ជូ គឺជា​អ្នកផលិតកូនបង្កងក្នុងកសិដ្ឋានពិភពបង្កងបានឲ្យ​ដឹងថា កសិដ្ឋានបង្កើតឡើងមិនដល់មួយឆ្នាំទេ ប៉ុន្តែអ្នកដែលទិញកូនបង្កងយកទៅចិញ្ចឹមតាមខេត្តមានស្ទើរតែរាល់ថ្ងៃ ពោលគឺមានច្រើនមានតិចរហូត ប៉ុន្តែមួយខែយ៉ាងហោចណាស់ក៏១០ម៉ឺនកូនដែរ ជួនកាលផលិតមិនចង់ទាន់សម្រាប់ការផ្គត់ផ្គង់​ផង ខណៈដែលកាលពីមុនការចិញ្ចឹមបង្កងនៅកម្ពុជានៅមានកម្រិត ។

អ្នកផលិតកូនបង្កង​រូបនេះបានរៀបរាប់ថា «ខ្ញុំគិតថាមកដល់ថ្ងៃនេះ យើងទើបឃើញការចិញ្ចឹមរបស់គាត់ប្រហែលជាមានទើបប្រហែលជា១០ភាគរយទេ ព្រោះអីដោយសារតែគាត់ទើបតែចាប់ផ្តើម ដោយសារតែកន្លងមកគាត់ធ្លាប់ចិញ្ចឹមដែរ ប៉ុន្តែគាត់ដាក់ទៅបរាជ័យ ដោយសារគាត់ទិញពូជពីក្រៅមកអ៊ីចឹង ឃើញគេចិញ្ចឹមចេះតែចិញ្ចឹមតាមគ្នា អត់មានបច្ចេកទេស» ។

លោកបានបន្តថា ខេត្តដែលផ្គត់ផ្គង់កូនបង្កងឲ្យ​ភាគច្រើន មាន​ដូចជា​ខេត្តតាកែវ កំពង់ចាម ព្រៃវែង ស្វាយរៀង ព្រះវិហារ សៀមរាប បន្ទាយមានជ័យ និង​កោះកុង ជាដើម ហើយសម្រាប់តម្លៃកូនបង្កងដែលត្រូវលក់ចេញវិញ គឺ​តូចគិតចាប់ពី១សង់ទីម៉ែត្រ ១គ្រាប់មួយរយរៀល ២សង់ទីម៉ែត្រ ២រយរៀល និង ៣សង់ទីម៉ែត្រ៣រយរៀល ដោយឡែកសម្រាប់ពូជបង្កងនេះដែរ អាចចិញ្ចឹមប្រមូលផលបានចន្លោះ​ពី​៦​ទៅ​៨ខែ ហើយទំហំប្រមូលផល​បាន​ចន្លោះ ៣ ទៅ ៥​ក្បាល​មួយ​គីឡូ ។

លោកបានរៀបរាប់បន្ថែមថា «ចំណុចពិសេសរបស់កូនបង្កងនៃពិភពបង្កង​របស់យើងនេះ គឺសំខាន់គឺពូជវាសុទ្ធ ហើយឈ្មោល ១០០ភាគរយ យើងបង្កាត់មកគឺឈ្មោល១០០ភាគរយ លក្ខណៈពិសេសដែលយើងបង្កាត់ពូជបង្កងនេះឲ្យ​ទៅជាឈ្មោល១០០ភាគរយ ដោយសារតែការចិញ្ចឹមរបស់យើង ឈ្មោលមានការលូតលាស់លឿនជាងបង្កងញី ហើយឈ្មោលវាមានទំហំធំជាងញីពីរដង ចឹងវាធ្វើឲ្យ​ការចិញ្ចឹមរបស់គាត់នឹងបានផលខ្ពស់» ។

គួរ​បញ្ជាក់ថា កសិដ្ឋានពិភពបង្កង​មាន​មហិច្ឆតា​ធំចង់​ពង្រីកការផលិតកូនបង្កងក្នុងមួយខែៗ​ឲ្យ​បានរាប់សែនកូន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងគោលបំណងជួយកាត់បន្ថយការនាំចូលកូនបង្កងពីក្រៅ ។ យ៉ាងណាមិញ ការចិញ្ចឹមបង្កងនេះដែរ អ្វីដែលសំខាន់ គឺ​ត្រូវតែមានបច្ចេកទេស​ច្បាស់លាស់ ដើមទុនគ្រប់គ្រាន់ ទីតាំងសមស្របសម្រាប់ការចិញ្ចឹម ជាពិសេសនោះ គឺ​ជ្រើសរើសពូជ​ឲ្យ​ត្រឹមត្រូវ ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version