តើអ្នកដឹងទេថា កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទីទៅប្រទេសណាច្រើនជាងគេបំផុត ? គឺវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជានេះឯង ។

បើតាមសារព័ត៌មានវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ជាង ៥៥% នៃ​គ្រាប់ស្វាយចន្ទីនាំចូលសរុប​របស់​វៀតណាម គឺ​ជាគ្រាប់ស្វាយចន្ទីដែល​ដាំដុះនៅ​កម្ពុជា ។

ទិន្នន័យរបស់​អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងអំឡុង៦ខែដើមឆ្នាំនេះ វៀតណាម​នាំចូល​គ្រាប់ស្វាយចន្ទី​ជិត ១,៥លានតោន ដែលមានតម្លៃ​គិតជាទឹកប្រាក់ប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក ដែលតួលេខ​នេះកើនឡើង​ ៨,៤% គិតជាបរិមាណ ណិង ៣,៤% គិតជាតម្លៃ ។

ក្នុងនោះ គ្រាប់ស្វាយចន្ទី​ដែលមានប្រភព​មក​ពីប្រទេសកម្ពុជាមានជាង ៧៨០.៧០០តោន ដែលមានតម្លៃគិតជាទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារ ។

បើធៀបនឹង​រយៈពេល​៦ខែដូចគ្នា​នៃឆ្នាំកន្លង​ទៅ គ្រាប់ស្វាយចន្ទី​ដែល​វៀតណាមនាំចូលមកពីប្រទេស​កម្ពុជា បានកើនឡើង​ ៣៦,៧% គិតជាបរិមាណ និង​កើន ២៨,១% គិតជា​តម្លៃទឹកប្រាក់សរុប ។

វៀតណាមគឺជា​ប្រទេសនាំចេញ​គ្រាប់ស្វាយចន្ទី​លេខ​១​នៅលើ​ពិភព​លោក​ ប៉ុន្តែ ដោយសារការផ្គត់ផ្គង់​វត្ថុធាតុដើម​ក្នុងស្រុក​មិន​ទាន់គ្រប់តាម​តម្រូវការ ទើប​វៀតណាម​ត្រូវនាំចូល​គ្រាប់ស្វាយចន្ទីក្នុងបរិមាណដ៏ច្រើនពីប្រទេសផ្សេងទៀត ជាអាទិ៍ កម្ពុជា និងអាហ្វ្រិក ។

គិតជាការនាំចេញវិញ ក្នុង​៦ខែ​ដើម​ឆ្នាំនេះ វៀតណាមនាំចេញ​គ្រាប់ស្វាយចន្ទីបាន ៣៥៣.៥០០​តោន ក្នុងតម្លៃជាទឹកប្រាក់ ១,៩៤ពាន់លានដុល្លារ ។ តួលេខនាំចេញនេះ កើនឡើង ២៦,២% គិតជាបរិមាណ និង ១៨,៧% គិតជាតម្លៃសរុប ធៀបនឹង​រយៈពេល​៦ខែដូចគ្នា​នៃឆ្នាំទៅមិញ ។

ចំពោះតម្លៃគ្រាប់ស្វាយចន្ទី​នាំចេញវិញ គិតជាមធ្យម វៀតណាមលក់បាន ៥៥០២​ដុល្លារក្នុងមួយតោន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version