នៅប្រទេសថៃ កសិករដាំទុរេននិងអ្នកនាំចេញទុរេនជាច្រើនបានក្លាយជាសេដ្ឋី ដោយសារទុរេនត្រូវប៉ាន់នាំចេញទៅកាន់ប្រទេសចិន ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការទុរេននៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងគំហុក ហើយប្រទេសថៃបានក្លាយជាប្រទេសផ្គត់ផ្គង់ទុរេនទៅចិនដ៏ធំជាងគេមួយ ។

យោងតាមសារព័ត៌មានថៃ គ្រាន់តែក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤ ចិននាំចូលទុរេនពីក្រៅប្រទេសចំនួន ២០២.៥០០តោន ជាផ្លែទុរេនស្រស់ ក្នុងនោះ ៦០% ជាទុរេនមកពីប្រទេសថៃ ។

កត្តានេះបានជំរុញឱ្យថៃបង្កើនការផលិតទុរេនយ៉ាងច្រើនក្នុងអំឡុងមួយទសវត្សរ៍ចុងក្រោយនេះ ។ ទិន្នផលទុរេនថៃក្នុងអំឡុងពេល ១២ឆ្នាំកន្លងមកនេះ បានកើនឡើង ១៨០% ពោលកើនឡើងដល់ ១,៤លានតោនកាលពីឆ្នាំទៅមិញ ហើយផ្ទៃដីដាំដុះទុរេនវិញបានកើនឡើង ៨០% ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Khaosod ជាភាសាអង់គ្លេស ។

ឆ្នាំ២០២៣ ថៃនាំចេញទុរេនទៅចិនបាន ៣,៧៥ពាន់លានដុល្លារ

ឆ្នាំ២០២៣ ការនាំចេញទុរេនរបស់ថៃទៅកាន់ប្រទេសចិនបានកើនឡើងដល់ ៣,៧៥ពាន់លានដុល្លារ ហើយចំនួននេះកើនឡើងយ៉ាងគំហុក បើធៀបនឹងកាលពីឆ្នាំ២០១២ ដែលចំណូលពីការនាំចេញទុរេនថៃទៅចិនមានត្រឹមតែ ១២៨លានដុល្លារប៉ុណ្ណោះ ។

ដោយឡែក នៅឆ្នាំ២០២៤នេះ ថៃនាំចេញទុរេនទៅកាន់ប្រទេសចិនបានទឹកប្រាក់ ២,៤ពាន់លានដុល្លារ ដែលកើនឡើងពី ៣ ទៅ ៤% បើធៀបនឹងឆ្នាំមុន ។

អ្នកនាំចេញទុរេននៅប្រទេសថៃសម្ដែងសុទិដ្ឋិនិយមថា តួលេខនាំចេញទុរេនទៅចិននឹងបន្តកើនឡើងក្នុងរយៈពេលបួនប្រាំឆ្នាំទៅមុខទៀត នៅខណៈដែលទុរេនថៃនឹងបានទៅដល់ក្រុងតូចៗច្រើនថែមទៀតនៅក្នុងប្រទេសចិន ហើយប្រជាជនចិនកាន់តែច្រើនឡើងងាកមកចង់ភ្លក្សរសជាតិទុរេនរបស់ប្រទេសថៃ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version