មាន់ស្កួយគឺ​ជា​ពូជ​មាន់​នៅ​ក្នុង​ស្រុក ភាគច្រើន​មាន​ការនិយម​ចិញ្ចឹម​នៅក្នុង​ទឹកដី​ខេត្ត​តាកែវ កំពត ព្រៃវែង ជាដើម ដែល​កសិករ​ឆ្លៀត​ពេល​ទំនេរ​ចិញ្ចឹម​ជា​លក្ខណៈគ្រួសារ ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ ។ វា​ជាប្រភព​ចំណូល​មួយផ្នែក​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

លោក សុខ ខុម គឺជាកសិករម្នាក់​ដែល​រស់នៅ​ក្នុង​ភូមិ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត ។ លោក​បានចាប់យក​មក​មុខ​របរ​ចិញ្ចឹម​មាន់​ស្កួយ​រយៈពេល​ប្រមាណ​ជា​ជិត​១ឆ្នាំហើយ ដែល​បច្ចុប្បន្ន លោក​ចិញ្ចឹម​មាន់​សរុប​ជិត​២​ពាន់ក្បាល​ទាំងធំ​ទាំង​តូច ។

លោក​បាន​រៀបរាប់​ប្រាប់​ថា «ការចិញ្ចឹមមាន់​នេះវាដូចថា វាជួយ​យើង​ មុខរបរ​ខាងនោះ​ (លក់​ដើម​ឈើ​ហូបផ្លែ) ពេល​ទំនេរៗ​យើង​មក​ចិញ្ចឹម​មាន់​នេះ​មក រួចដៃពី​មុខរបរ​យើង​នោះ​ណា មក​ចិញ្ចឹម​មាន់​នៅ​ក្រោយ​នេះ​មក វាឲ្យ​ពេល​ទំនេរៗ​ពីការងារ​របស់​យើង អាច​មក​ចិញ្ចឹម​បាន​ច្រើន​អ៊ីចឹង ។»

លោកបាន​បន្ត​ថា មុខ​របរចិញ្ចឹម​មាន់​នេះ​ដែរ មិន​បាន​រៀន​មក​ពី​សាលា​នោះទេ ប៉ុន្តែ លោកគ្រាន់​តែ​ឃើញ​មិត្ត​ភក្តិ​គេ​ធ្លាប់​ចិញ្ចឹម​ពីមុនៗ​មក គេ​ប្រាប់​តៗ​គ្នា ហើយក៏ចេះតែចិញ្ចឹម​ទៅ ដោយ​ពេល​អនុវត្ត​ជាក់ស្តែង​ក៏​ទទួល​បាន​ផល ពោល​គឺ​រយៈពេល​ប្រមាណ​ជា​៧ខែ កាចិញ្ចឹម​មាន់​របស់​លោក​ជោគជ័យ​ស្ទើរ​តែ​៧០​ភាគរយ​ទៅ​ហើយ ។

កសិករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា «មាន់​ស្កួយ​ហ្នឹង វា​ចិញ្ចឹម​ទៅ​ ធំ​លឿន វាល្អ ស្រួល​ចិញ្ចឹម មាន​ស្កួយ​នេះ​បើតាម​ពិតទៅ បើ​យើងចិញ្ចឹម​ទៅ​ តម្លៃ​វា​អាច​នឹង​លើស លើស​ពី​មាន់​ស្រែ ប៉ុន្តែ វាគ្រាន់​ថា​នៅ​ទីនេះ​វា​ដូច​ថា​មិន​សូវ​មាន​មាន់​ស្កួយ​ អ៊ីចឹង​តម្លៃ​វា​ធម្មតា​ជាមួយ​នឹង​មាន់​ស្រែ​ដែរទេ ។»

យ៉ាងណាមិញ តម្លៃ​មាន់ស្កួយ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ​វាឡើង​ចុះ ដែល​កាលពីមុន លោក​អាច​លក់​បាន​ចន្លោះ ២៥០​ក្បាល​ ទៅ ៣០០ក្បាល​ក្នុង​មួយ​ខែ ហើយ​តម្លៃវិញ ក្នុង​មួយ​ក្បាល​រហូត​ដល់ ២​ម៉ឺន​៤ពាន់រៀល បើគិតពី​ចំណូល​វិញ ២ ទៅ ៣​លាន​រៀល​ក្នុង​មួយ​ខែ ។

ប៉ុន្តែ ឥឡូវរាង​ធ្លាក់​ចុះ​ដោយ​ក្នុងមួយខែ​ លក់​បាន​ត្រឹមតែ​ប្រមាណ​ជា ១០០​ក្បាល​តែ​ប៉ុណ្ណោះ ក្នុង​តម្លៃ​ប្រហែល ១ម៉ឺន​៧​ពាន់​ទេ តម្លៃ​នេះ​ចេញ​ពី​ឈ្មួញ​កណ្តាល ។

លោក​បាន​បញ្ជាក់​ថា ទោះបី​ជា​ទីផ្សារ​មាន់​ស្កួយ ឬ​ទីផ្សារ​មាន់​ស្រែ​ទូទៅ​មាន​តម្លៃ​ឡើង​​ចុះ​ក៏​ពិត​មែន ប៉ុន្តែ មុខ​របរ​ចិញ្ចឹម​មាន់​នេះ វាពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម ដោយ​គ្រាន់តែ​ឆ្លៀត​ពេល​ទំនេរ​បន្តិចៗ​ក្នុង​មួយ​ថ្ងៃ ក្នុង​ការ​ឲ្យ​ចំណី​ ឬ​មើល​ថែ​ផ្សេងៗ ។ យ៉ាងណាមិញ កសិករ​រូបនេះ​នៅតែ​មាន​ការព្រួយ​បារម្ភ​​ពី​ទីផ្សារ​មាន់​ធ្លាក់​ចុះ ដោយសារ​តែ​ឈ្មួញ​កណ្តាល​ទម្លាក់​តម្លៃ ហើយ​មុខរបរ​ចិញ្ចឹម​មាន់​នេះ​ក៏កាន់តែ​មាន​ច្រើន​ទៅៗ​នៅ​តាម​ខេត្ត​នានា ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version