
កោះភូកុក ខ្មែរហៅ កោះត្រល់ ដែលជាកោះធំជាងគេបំផុតរបស់ប្រទេសវៀតណាម ត្រូវបានអ្នកអានទស្សនាវដ្ដីទេសចរណ៍អាមេរិក Travel+Leisure បោះឆ្នោតជាប់ជាកោះស្អាតជាងគេបំផុតទី២នៅលើពិភពលោក បន្ទាប់ពីកោះម៉ាល់ឌីវ ដែលឈរនៅលេខ១ ។
ចំណាត់ថ្នាក់នេះបាននាំឱ្យកោះត្រល់ឈ្នះកោះបាលី (ជាប់លេខ៣) របស់ឥណ្ឌូណេស៊ី និងឈ្នះកោះសាមុយ (ជាប់លេខ៩) និងកោះភូកេត (ជាប់លេខ១៦) របស់ថៃ ។
ទស្សនាវដ្ដី Travel+Leisure បានដាក់ចំណាត់ថ្នាក់កោះស្អាតជាងគេចំនួន ២៥ នៅជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៤នេះ ដោយផ្អែកលើការបោះឆ្នោតពីសំណាក់អ្នកអាន ៧សែននាក់ ។ លក្ខណវិនិច្ឆ័យសម្រាប់ការចាត់ថ្នាក់ រួមមាន ភាពទាក់ទាញបែបធម្មជាតិ សកម្មភាព ម្ហូបអាហារ ភាពរួសរាយរាក់ទាក់របស់ប្រជាជន និងគុណតម្លៃរបស់កោះនីមួយៗ ។
ពុំមានកោះណាមួយនៅប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់នឹងគេ នៅក្នុងចំណោមកោះទាំង ២៥នេះឡើយ ។
កោះភូកុក ដែលខ្មែរស្គាល់ថាជាកោះត្រល់ មានភាពល្បីល្បាញដោយសារឆ្នេរខ្សាច់ស្អាត និងរមណីយដ្ឋានប្រណីត ហើយនៅក្នុង៦ខែដើមឆ្នាំ២០២៤នេះ កោះភូកុកទទួលទេសចរបរទេសបាន ៥សែននាក់ កើនឡើង ៤៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។
(អត្ថបទប្រែសម្រួលពីសារព័ត៌មានវៀតណាម)


