ការចិញ្ចឹមសត្វកន្ធាយយកកូននិងកន្ធាយសាច់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន ហាក់នៅមានតិចតួច ខណៈតម្រូវការអ្នកទទួលទានមានច្រើន ហើយតម្លៃក៏លក់បានថ្លៃគួរសម ដោយសារតែការចិញ្ចឹមក្នុងស្រុកមិនទាន់គ្រប់ ទើបធ្វើឲ្យមានការហូរចូលកន្ធាយពីក្រៅមកផ្គត់ផ្គង់បន្ថែម ។
លោក ចន បូរិន ម្ចាស់កសិដ្ឋានកន្ធាយខ្មែរ បានរៀបរាប់ប្រាប់យ៉ាងដូច្នេះថា «ទីផ្សារបច្ចុប្បន្ន តម្រូវការច្រើន តែយើងផ្គត់ផ្គង់តែរដូវប្រមូលផលដែរទេបង យើងអត់ទាន់មានគ្រប់គ្រាន់សម្រាប់ទីផ្សារទេ ។ សម្រាប់តម្លៃកន្ធាយ សម្រាប់កូន យើងមានទៅតាមទំហំ មានចាប់ពីមួយ ១ពាន់ ២ពាន់ ៣ពាន់[រៀល]អ៊ីចឹងទៅ ហើយសម្រាប់កន្ធាយសាច់ យើងលក់ចេញនៅលើទីផ្សារ អាច ៥ដុល្លាររហូតដល់ ១៥ដុល្លារក្នុងមួយគីឡូ ទៅតាមតូចតាមធំ វាចាប់ខ្នាតដែរ ។»
យ៉ាងណាមិញ ម្ចាស់កសិដ្ឋានកន្ធាយខ្មែររូបនេះ បានប្រាប់ពីប្រវត្តិខ្លះៗនៃការចិញ្ចឹមកន្ធាយរបស់ខ្លួន ពោលគឺអំឡុងឆ្នាំ២០១៩ ដែលជាសម័យកាលកូវីដ១៩រីករាតត្បាតពេញប្រទេស ហើយមិនដឹងទៅណា លោកក៏ចាប់ផ្តើមសម្ងំចិញ្ចឹមកន្ធាយនៅអាងក្បែរផ្ទះ ។
ការចិញ្ចឹមកន្ធាយនេះដែរ លោកមិនបានទៅរៀនជំនាញចិញ្ចឹមកន្ធាយនេះមកពីណានោះទេ វាជាការដកពិសោធន៍ចិញ្ចឹមដោយខ្លួនឯងផ្ទាល់ កាលពីដំបូងៗ ចិញ្ចឹមមានងាប់ខ្លះរស់ខ្លះ ប៉ុន្តែ ពេលដែលចិញ្ចឹមយូរៗទៅ ចាប់ផ្តើមដឹង ចាប់ផ្តើមចេះស្រាវជ្រាវ បើគិតមកទល់ពេលនេះ រយៈពេលប្រមាណជា៥ឆ្នាំមកហើយ ដែលលោកមានជំនាញលើមុខរបរមួយនេះ ។

ជាអ្នករស់នៅក្នុងស្រុកកំចាយមារនៃខេត្តព្រៃវែង លោក ចន បូរិន បានបន្ថែមថា ដោយសារតែមានជំនាញច្បាស់លាស់ក្នុងការចិញ្ចឹមកន្ធាយជាច្រើនឆ្នាំកន្លងមក ហើយមើលឃើញតម្រូវការមានច្រើនលោកបានចាប់ផ្តើមពង្រីកកន្លែងចិញ្ចឹម ដោយភ្ញាស់កូនកន្ធាយខ្លួនឯងបាន អាចលក់កូនកន្ធាយផង និងកន្ធាយសាច់ផងនៅលើទីផ្សារ ដោយបច្ចុប្បន្ន កន្ធាយក្នុងសិដ្ឋានរបស់លោកទាំងធំទាំងតូចមានប្រមាណជាង ២ម៉ឺនក្បាល ។
ថ្វីបើកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ចិញ្ចឹមកន្ធាយច្រើនយ៉ាងណាក៏ដោយ ក៏នៅមិនទាន់ផ្គត់ផ្គង់ទីផ្សារគ្រប់គ្រាន់នៅឡើយទេ ដោយសារតែតម្រូវការអ្នកចូលចិត្តនិងនិយមទទួលទានកន្ធាយនៅក្នុងស្រុកមានច្រើន ហើយពេលខ្លះ មានឈ្មួញនាំចូលកន្ធាយច្រើនណាស់ដែរ ប៉ុន្តែ កន្ធាយចិញ្ចឹមនៅក្នុងស្រុកគឺអាចប្រកួតប្រជែងជាមួយកន្ធាយនាំចូលបាន ដោយសារតែកន្ធាយចិញ្ចឹមនៅក្នុងស្រុកគុណភាពសាច់ល្អ សាច់វាមានរសជាតិឆ្ងាញ់ សាច់ច្រើនជាងខ្លាញ់ ពងច្រើន ជាដើម ដូច្នេះ ការប្រកួតប្រជែងជាមួយកន្ធាយនាំចូលមិនមែនជាបញ្ហាឡើយ ។
តួយ៉ាង សម្រាប់កសិដ្ឋានកន្ធាយខ្មែរ នាបច្ចុប្បន្ន មានការផ្គត់ផ្គង់កន្ធាយសាច់ច្រើនជាងគេនៅក្នុងទីក្រុងភ្នំពេញ ហើយចំណែកឯកូនកន្ធាយផ្គត់ផ្គង់ភាគច្រើន ដូចជា កំពង់សោម សៀមរាប កំពង់ធំ កំពង់ចាម និងបណ្តាខេត្តនានាជាច្រើនទៀតក្នុងប្រទេសកម្ពុជា ដោយកូនកន្ធាយមានតម្លៃពីមួយ១ពាន់រៀលទៅ ៣ពាន់រៀល រីឯកន្ធាយសាច់លក់ចេញនៅលើទីផ្សារចន្លោះពី ៥ដុល្លារ រហូតដល់ ១៥ដុល្លារក្នុងមួយគីឡូ តាមតូចតាមធំ ។
អ្នកចិញ្ចឹមកន្ធាយចាស់វស្សារូបនេះ បានបញ្ជាក់ថា កសិករគួតែចាប់ផ្តើមចិញ្ចឹមកន្ធាយដោយសារទីផ្សារនៅក្នុងស្រុកនៅមានភាពធំទូលាយនៅឡើយ ហើយមុនចាប់ផ្តើមចិញ្ចឹម គួរតែរៀនពីបច្ចេកទេសជាមុនសិន ជាពិសេស ចិញ្ចឹមដំបូងៗកុំចិញ្ចឹមច្រើនពេក ពោលគឺចាប់ផ្តើមចិញ្ចឹមពីតិចជាមុនសិន ពេលចិញ្ចឹមបានហើយ ចាំពង្រីកតាមក្រោយបន្ថែមទៀត ៕