និន្នាការគាំទ្រនិងការកែច្នៃផលិតផលនៅក្នុងស្រុកហាក់ចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈសិប្បកម្មនិងសហគ្រាសតូចធំរីកដូចផ្សិត ទាំងនៅទីក្រុងភ្នំពេញ និងទាំងនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា ។

អ្នកស្រី ម៉ោង ស្រីពៅ ដែលជាស្ថាបនិក«ភូមិពងទាខ្មែរ» បានប្រាប់ឲ្យដឹងថា ភូមិពងទាខ្មែរគឺជាសិប្បកម្មកែច្នៃពងទាក្នុងស្រុក ដែលប្រមូលទិញពីកសិដ្ឋានចិញ្ចឹមទាតាមបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តកំពត តាកែវ ព្រៃវែង កំពង់ឆ្នាំ បាត់ដំបង និងកណ្តាល ជាដើម ដើម្បីយកមកច្នៃសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ។

ស្ថាបនិកភូមិពងទាខ្មែរ សម្បុរសសម្តីផ្អែមរូបនេះ បានបន្តថា ភូមិពងទាខ្មែរបានបង្កើតឡើងតាំងពីឆ្នាំ២០១៦មកម៉្លេះ ដែលមួយខែៗ អ្នកស្រីប្រមូលទិញពងទាតាមកសិដ្ឋានពី២០ ទៅ ៣០ម៉ឺនគ្រាប់ យកមកកែច្នៃ ខណៈដែលសិប្បកម្មអ្នកស្រីផ្ទាល់អាចកែច្នៃពងទាសាបទៅជាពងទាប្រៃ បណ្តូលពងទាប្រៃ និងពងទាច្នៃចេញទៅជាមីដុំ ។

បច្ចុប្បន្ន ភូមិពងទាខ្មែរ បានចែកចាយផលិតផលរបស់ខ្លួនទៅតាមបណ្តារខេត្តនានា ជាពិសេស នៅក្នុងទីក្រុងភ្នំពេញ ដូចជាដាក់លក់នៅក្នុងផ្សារទំនើបអ៊ីអន ម៉ាក្រូ និងតាមម៉ាតតូចធំជាច្រើនកន្លែងទៀត ជាពិសេស តម្រូវការច្រើនបំផុតគឺតាមហាងនំដែលមានតម្រូវការប្រចាំថ្ងៃ ។

ស្នូលពងទាប្រៃច្នៃពីពងទា
ស្នូលពងទាប្រៃច្នៃពីពងទា​ដែល​ផលិតដោយកសិករខ្មែរ។

មានបេះដូងជាអ្នកគាំទ្រផលិតផលក្នុងស្រុក ស្រ្តីវ័យប្រមាណជាង ៣០ឆ្នាំរូបនេះ បាននិយាយថា «ឆន្ទៈសម្រាប់ខ្ញុំតែម្តង តាំងពីដើមមក ដោយសារយើងឃើញតែឈ្មោះភូមិពងទាខ្មែរមួយ មានន័យថា ខ្ញុំជាតិនិយមបាត់ហើយ អ៊ីចឹង ភូមិពងទាខ្មែរ គឺយើងផ្តោតទៅលើសហគមន៍ ពាក្យថាភូមិគឺជាសហគមន៍ ហើយពងទាខ្មែរគឺត្រូវតែបញ្ជាក់បានថាពងទាហ្នឹងគឺត្រូវតែជាអ្នកចិញ្ចឹម ជាអ្នកផលិតបានមកគឺជាជនជាតិខ្មែរ យើងមែនរើសអើងទេ ប៉ុន្តែ អាហ្នឹងវាដោយសារផ្តោតទៅលើគុណភាពផលិតផលដែរ»

ដើមកំណើតជាកូនអ្នកខេត្តកំពតរូបនេះ បានបញ្ជាក់ថា មូលហេតុដែលភូមិពងទាខ្មែរមិនយកពងទាពីក្រៅស្រុកមកកែច្នៃ ដោយសារតែទីមួយនោះ គឺទាក់ទងទៅនឹងគុណភាពពងទាដឹកមកតាមផ្លូវឆ្ងាយធ្វើឲ្យខូចរាវ បន្ថែមពីនេះទៅទៀត ពងទាគ្មានប្រភពច្បាស់លាស់ដែលអាចប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។

បើតាមអ្នកស្រី ម៉ោង ស្រីពៅ ភូមិពងទាខ្មែរ មានគោលដៅបង្កើនការផលិតឲ្យកាន់តែច្រើនឡើង និងច្នៃផលិតផលពីពងទាឲ្យបានច្រើនមុខបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារនៅក្នុងស្រុក ខណៈដែលការផលិតពងទានៅក្នុងស្រុកនៅមានភាពខ្វះខាតច្រើន ៕

នៅ ហៀង ជា​ផលិតករ​វីដេអូ និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version