
ភ្ញៀវទេសចរបរទេសជាច្រើនបានលុបចោលដំណើរទេសចរទៅកាន់ប្រទេសថៃ អំឡុងបុណ្យចូលឆ្នាំ ឬសង្ក្រាន្ត នៅពាក់កណ្ដាលខែមេសានេះ ដោយសារតែមានក្ដីបារម្ភក្រោយមានគ្រោះរញ្ជួយដី ។
អគ្គលេខាធិការសមាគមភ្នាក់ងារទេសចរណ៍ថៃ លោក អាឌិត ឆៃរ៉ាត់តាណានុន បានថ្លែងថា ទេសចរចិនមកលេងនៅប្រទេសថៃអំឡុងត្រៀមបុណ្យចូលឆ្នាំបានធ្លាក់ចុះ ២០% បើធៀបនឹងឆ្នាំមុន ។
សារព័ត៌មានថៃ បានឲ្យដឹងថា ជើងហោះហើរពិសេសមកពីក្រុង ឆេងទូ របស់ចិន មកកាន់ប្រទេសថៃ ត្រូវបានលុបចោលទាំងអស់ ។

រដ្ឋាភិបាលថៃបានប្រកាសថា ពិធីបុណ្យសង្ក្រាននឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយចាប់ផ្ដើមនៅពាក់កណ្ដាលខែមេសានេះ នៅក្នុងរាជធានីបាងកក ក្រុងឈៀងម៉ៃ និងបណ្ដាទីកន្លែងផ្សេងទៀត ។
ប្រធានសមាគមធនាគារថៃវិញ បាននិយាយថា ក្នុងរយៈកាលពីរសប្ដាហ៍ទៅមុខទៀតនេះ ភ្ញៀវទេសចរបរទេស មកលេងប្រទេសថៃ ដើម្បីអបអរបុណ្យសង្ក្រានចូលឆ្នាំនោះ អាចធ្លាក់ចុះចន្លោះពី ១០ ទៅ ១៥% ។
បណ្ដាភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍ថៃ កំពុងជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការប្រញាប់ ដើម្បីបន្ថយក្ដីភ័យខ្លាចរបស់មហាជនដែលគ្រោងមកលេងនៅប្រទេសថៃ ។


