
រដ្ឋាភិបាលថៃកំពុងមានផែនការផ្ដល់កម្ចីអនុគ្រោះ ឬកម្ចីការប្រាក់ទាបចំនួន ៥៥ពាន់លានបាត (១,៦៦ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេស ។
នេះបើយោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ដែលដកស្រង់សម្ដីអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។
ផែនការនេះនឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័ត ។
លោកអនុរដ្ឋមន្ត្រីបាននិយាយថា វិធានការជំរុញវិស័យអចលនទ្រព្យថ្មីនេះ នឹងផ្ដោតទៅលើទាំងតម្រូវការ និងទាំងការផ្គត់ផ្គង់ ដើម្បីជួយដល់អ្នកទិញផង និងអ្នកអភិវឌ្ឍផង ។
លោកថា កន្លងមក វិធានការដែលបានដាក់ចេញពីមុនៗ ត្រូវបានប្រើប្រាស់អស់ហើយ ដូច្នេះ រដ្ឋាភិបាលចាំបាច់ត្រូវដាក់ចេញវិធានការថ្មីទៀត ដើម្បីសង្គ្រោះវិស័យអចលនទ្រព្យ ។
ថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុថៃបានប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុរដ្ឋ ដូចជា ធនាគារលំនៅដ្ឋានរដ្ឋ ដើម្បីជួយទ្រទ្រង់ដល់វិស័យអចលនទ្រព្យ ដោយដាក់ចេញនូវកម្មវិធីកម្ចីការប្រាក់ទាប សរុប ២០ពាន់លានបាត ។
កម្មវិធីកម្ចីនេះផ្ដល់លក្ខខណ្ឌកម្ចីដែលមានភាពបត់បែន ដើម្បីជួយដល់ប្រជាជនដែលមានចំណូលទាប អាចទិញផ្ទះបង់រំលស់បាន ដោយប្រជាជនម្នាក់អាចខ្ចីបានច្រើនបំផុត ៣លានបាត ក្នុងអត្រាការប្រាក់ថេរ ៣% ក្នុងអំឡុងពេល ៥ឆ្នាំដំបូង ។
បច្ចុប្បន្ន កម្មវិធីកម្ចីនេះបានប្រើប្រាស់អស់ហើយ ពោលគឺប្រាក់កម្ចីទាំង ២០ពាន់លានបាត បានបញ្ចេញគ្រប់ចំនួនហើយ ៕


