
ឥឡូវនេះ ខ្មែរនៅអូស្ត្រាលីអាចរកទិញទទួលទានទឹកត្រីកំពតដ៏ល្បីល្បាញរបស់ប្រទេសកំណើតផង់ខ្លួនបានហើយ ។
នេះដោយសារការផ្ដួចផ្ដើមនាំចេញសាកល្បងរបស់ក្រុមហ៊ុនទឹកត្រី ង៉ូវហេង ដែលជាក្រុមហ៊ុនផលិតទឹកត្រីដ៏ល្បីឈ្មោះនិងចំណាស់ជាងគេមួយនៅឯខេត្តកំពត ។
លោក ចាន់ សិល្បសុជាតិ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទឹកត្រីង៉ូវហេង បានឱ្យដឹងថា ការនាំចេញទឹកត្រីកំពតដែលជាផលិតផលខ្មែរ ទៅកាន់ទីផ្សារអូស្ត្រាលីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន និងក៏ជាមោទនភាពនៃផលិតផលក្នុងស្រុកផងដែរ ។
ការនាំចេញនេះធ្វើឡើងតាមរយៈក្រុមហ៊ុនដៃគូនៅប្រទេសអូស្ត្រាលី ហើយកុងតឺន័រទឹកត្រីកំពតដំបូងបានទៅដល់អូស្ត្រាលី កាលពីជាងមួយខែមុន ។
លោក សិល្បសុជាតិ បានប្រាប់យ៉ាងដូច្នេះថា «កត្តាដែលនាំឱ្យយើងបានដៃគូនាំចេញទៅខាងក្រៅ គឺកេរ្តិ៍ឈ្មោះល្បីរបស់ទឹកត្រីកំពតយើងហ្នឹងហើយ ទឹកត្រីល្បីតាំងពីដូនតារបស់យើងមក៍ ហើយយើងតេស្តគុណភាពអី គឺអត់ចាញ់ប្រទេសជិតខាងទេ តាំងពីកម្រិតប្រូតេអ៊ីន និងអ្វីផ្សេងៗ ។ ហើយអ្វីដែលសំខាន់ គឹយើងចង់នាំចេញទឹកត្រីប្រភពដើមពីខេត្តកំពតយើងចេញទៅផ្ទាល់ ។»
ទឹកត្រីង៉ូវហេង រូបសញ្ញាត្រីមាស៣ ជាផលិតផលរបស់ក្រុមហ៊ុន ង៉ូវ ហេង ហ៊្វូដប្រូដាក់សិន ដែលមានមូលដ្ឋាននៅខេត្តកំពត ។ លក្ខណៈពិសេសរបស់ទឹកត្រី គឺផលិតដោយបន្ទុំរយៈពេល២ឆ្នាំក្នុងធុងឈើចំណាស់រាប់ទសវត្សរ៍ ។
បើតាមលោក សិល្បសុជាតិ ជាផែនការបន្ទាប់ទៀត ទឹកត្រី ង៉ូវហេង គ្រោងនឹងនាំចេញទៅកាន់បណ្ដាប្រទេសជាច្រើនថែមទៀត ៖ «សម្រាប់ផែនការបន្ទាប់ យើងកំពុងធ្វើការជាមួយខាងជប៉ុន កូរ៉េ និងអាមេរិក សម្រាប់៣ប្រទេសទៀត ដែលយើងកំពុងជជែកការងារ ទៅលើបរិមាណ និង requirement ដែលខាងនោះត្រូវការ តែវាមិនពិបាកទេ ព្រោះយើងបាននាំចេញទៅអូស្ត្រាលីហើយ រឿងឯកសារអីផ្សេងៗ ខ្ញុំគិតថាវាមិនបញ្ហាអីទេ។»
លោក សិល្បសុជាតិ អំពាវនាវដល់ប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស សូមជួយគាំទ្រផលិតផលខ្មែរ ដោយលោកថា ពីមុន នៅក្រៅប្រទេស ផលិតផលខ្មែរយើងទៅមិនដល់មែន ប៉ុន្តែ ឥឡូវនេះ ទៅដល់ហើយ ហើយទាំងគុណភាព ទាំងស្តង់ដារ គឺមិនចាញ់ផលិតផលបរទេសទេ ។
លោកបន្តថា «សំណូមពរបងប្អូនខ្មែរយើងនៅនេះដូចគ្នា ជួយគាំទ្រផលិតខ្មែរយើងដែលមានស្តង់ដារ មានគុណភាព មានប្រភពច្បាស់លាស់ …ហើយសំណូមពរទៅដល់បងប្អូនអ្នកផលិតដូចគ្នា យើងឈរលើគោលការណ៍មួយ គិតពីសុខសុវត្ថិភាពអ្នកប្រើប្រាស់ជាចម្បង យើងកុំរកស៊ីដើម្បីតែប្រាក់ចំណេញ តែអត់ប្រភពច្បាស់លាស់ ការផលិតគ្មានស្តង់ដារ គ្មានអី យើងយកទៅលក់ចែកចាយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់» ៕

