
ស្វាយចន្ទីមិនទាន់កែច្នៃរបស់កម្ពុជា ដែលលក់ទៅឲ្យវៀតណាមក្នុងរយៈពេល៧ខែនៃឆ្នាំនេះ គឺបានទឹកប្រាក់រហូតដល់ទៅជិត ១ពាន់លានដុល្លារ ។
នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយរបស់វៀតណាម ដែលតួលេខនោះបង្ហាញផងដែរថា ជិត ៩៥% នៃស្វាយចន្ទីមិនទាន់កែច្នៃរបស់កម្ពុជា គឺលក់ទៅឲ្យប្រទេសវៀតណាមដែលនៅក្បែរខាង ។
បច្ចុប្បន្ន ប្រទេសវៀតណាម មានឈ្មោះល្បីល្បាញជាប្រទេសឈានមុខគេ ក្នុងការផលិត និងនាំចេញផលិតផលស្វាយចន្ទី ។
ក្នុងរយៈកាល ៧ ខែមកនេះ វៀតណាមបាននាំចូលស្វាយចន្ទីមិនទាន់កែច្នៃចំនួន ជិត ៧៩ ម៉ឺនតោនពីកម្ពុជា ស្មើនឹង ជាង ៤៧% នៃស្វាយចន្ទីមិនទាន់កែច្នៃដែលវៀតណាមនាំចូល ។
ហើយក្នុងរយៈកាល ៨ ខែនេះ វៀតណាមនាំចេញស្វាយចន្ទីកែច្នៃរួចបានប្រមាណ ៤៧៨០០០ តោន ដោយទទួលបានចំណូល ជិត២៧០០ លានដុល្លារ។
សមាគមស្វាយចន្ទីវៀតណាម បានឲ្យដឹងថា ការកែច្នៃស្វាយចន្ទីរបស់វៀតណាម ភាគច្រើន គឺពឹងផ្អែកលើស្វាយចន្ទីមិនទាន់កែច្នៃ ដែលនាំចូលពីបណ្ដាប្រទេសមួយចំនួន ដែលភាគច្រើនបំផុតពីប្រទេសកម្ពុជា ។
ទោះជាយ៉ាងណា ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀតផងដែរកំពុងតែព្យាយាមអភិវឌ្ឋឧស្សាហកម្មកែច្នៃស្វាយចន្ទីរបស់ខ្លួន ដើម្បីទទួលបានតម្លៃបន្ថែមពីស្វាយចន្ទី ។
សមាគមស្វាយចន្ទីវៀតណាមបានព្រមានថា បើវៀតណាមមិនអាចធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើមនាំចូលទេនោះ នោះនឹងប៉ះពាល់ដល់កិត្តិនាមរបស់ខ្លួនជាស្ដេចស្វាយចន្ទី ៕


