
ប្រទេសថៃក្បែរខាងកម្ពុជាបានក្លាយជាប្រទេសដំបូងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់ ។
ព្រះមហាក្សត្រថៃ ម៉ាហា វិជ្ជរ៉ាឡុងកន បានឡាយព្រះហស្ថលេខាលើច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះរួចហើយ ។ នេះបើតាមការប្រកាសកាលពីថ្ងៃទី២៤ ខែកញ្ញា នៅលើទស្សនាវដ្ដី រាជកិច្ច ផ្លូវការរបស់ប្រទេសថៃ ។
ច្បាប់អនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការបាននេះ បានត្រូវរដ្ឋសភាថៃអនុម័តកាលពីខែមិថុនា ហើយច្បាប់នេះ នឹងចូលជាធរមាន ១២០ថ្ងៃក្រោយ ។
នេះមានន័យថា អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសថៃ អាចនឹងកើតមានឡើង ចាប់ពីខែមករា ដើមឆ្នាំ២០២៥នេះតទៅ ។
បើគិតក្នុងតំបន់អាស៊ីទាំងមូល ថៃជាប្រទេសទីបីដែលអ្នកស្រឡាញ់ភេទដូចគ្នាអាចរៀបការបាន បន្ទាប់តៃវ៉ាន់ និងនេប៉ាល់ ។
ច្បាប់នេះប្រើពាក្យអព្យាក្រឹតភេទ ជំនួសពាក្យ បុរស ស្ត្រី ប្ដី និង ប្រពន្ធ និងផ្ដល់សិទ្ធិស្មុំកូន និងសិទ្ធិស្នងមរតក ដល់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ។
នៅជុំវិញពិភពលោក មានប្រទេសជាង ៣០ហើយ ដែលចេញច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ។
ប្រទេសហូល្លង់ជាប្រទេសមុនគេបង្អស់នៅលើពិភពលោក ដែលអបអរសាទរអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា នៅឆ្នាំ២០០១ ៕


