
ផ្លែអាវ៉ូកាដូ ឬយើងហៅធម្មតា ផ្លែប៊ើ មានផ្ទុកសារធាតុសរសៃដែលអាចរលាយបាន និងអាស៊ីតខ្លាញ់ ដែលវាបង្កើនភាពឆ្អែតអាហារ និងកាត់បន្ថយចំណង់ទទួលទានបានដល់ទៅ ៤០% ។
ការសិក្សាបង្ហាញថា ការបញ្ចូលផ្លែប៊ើទៅក្នុងរបបចំណីអាហាររបស់អ្នក នឹងជួយឱ្យអ្នកស្រកទម្ងន់ ជាពិសេស គឺកាត់បន្ថយខ្លាញ់ក្បាលពោះ ។
អ្នកជំនាញអាហារូបត្ថម្ភឥណ្ឌាបានចែករំលែកវិធី ៤យ៉ាង ក្នុងការទទួលទានផ្លែប៊ើ ឬផ្លែអាវ៉ូកាដូ ដើម្បីកាត់បន្ថយខ្លាញក្បាលពោះ ។

ទីមួយ គឺហូបផ្លែប៊ើជាមួយសាឡាដ ។ ក្នុងសាឡាដមួយចាន អ្នកអាចចិតផ្លែប៊ើពាក់កណ្ដាលផ្លែ ជាចំណិតៗ លាយជាមួយវា ។ វាជួយអ្នកបង្កើតខ្លាញ់ល្អ ធ្វើឱ្យឆាប់ឆ្អែត និងបង្កើនរសជាតិអាហារ ។
ទីពីរ ហូបផ្លែប៊ើជាមួយនំប៉័ង ។ ជាជាងហូបនំប៉័ងជាមួយសាច់ក្រក ឬអាហារកំប៉ុងផ្សេងៗ អ្នកគួរសាកហូបនំប៉័ងជាមួយចំណិតផ្លែប៊ើម្ដង ដោយលាបទឹកឃ្មុំតិចៗពីលើ ដើម្បីជួយសម្រកទម្ងន់ ។
ទីបី ហូបជាប៊ើក្រឡុក ជាអាហារសម្រន់ ឬហូបជាផ្នែកនៃអាហារសំខាន់ចុងក្រោយនៃថ្ងៃ វានឹងជួយបង្កើនប្រសិទ្ធផលនៃការសម្រកទម្ងន់ ។
និងទីបួន ហូបផ្លែប៊ើជាមួយយ៉ាអ៊ួរ ។ យ៉ាអ៊ួរ ឬគេហៅ Yogurt ជាអាហារសម្រាប់ការសម្រកទម្ងន់ ។ បូករួមជាមួយនឹងផ្លែប៊ើ វានឹងបង្កើនខ្លាញ់ល្អនិងសារធាតុសរសៃ ជួយឱ្យអ្នកកើនសម្រស់ និងស្បែកស្អាតពីខាងក្នុង ៕


