
ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ធនាគារអេស៊ីលីដា បានចូលរួមជាមួយប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសក្នុងការអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា។
ពិធីអបអរនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីស្នាក់ការកណ្ដាលរបស់ធនាគារ អេស៊ីលីដា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំ ជួសមុខឲ្យថ្នាក់ដឹកនាំធនាគារអេស៊ីលីដា និងកម្មករនិយោជិតគ្រប់លំដាប់ថ្នាក់ ខ្ញុំមានសេចក្ដីរីករាយក្រៃលែងដែល ថ្ងៃនេះ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ នេះ ។ យើងបានចូលរួមប្រារព្វពិធីបើកការដ្ឋានព្រែកជីកប្រវត្តិសាស្ត្រ ក៏ដូចជាព្រែកជីកសម្រាប់ជាយុទ្ធសាស្ត្រជាតិ ដែលមានឈ្មោះថា ព្រែកជីកហ្វូណនតេជោ គឺជំនាន់ខ្ញុំនេះ ខ្ញុំមានសេចក្ដីរីករាយក្រៃលែង ទាំងខ្លួនខ្ញុំផ្ទាល់ ទាំងកូន ទាំងចៅ ទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ មិនមែនតែកូនចៅខ្ញុំទេ មានទាំងកូនចៅកម្មករ និយោជិត ថ្នាក់ដឹកនាំទាំងអស់គ្នា ប្រជាជនកម្ពុជាទាំងអស់គ្នា នឹងបានទទួលអត្ថប្រយោជន៍ដ៏សំខាន់ពីព្រែកជីកប្រវត្តិសាស្ត្រហ្វូណនតេជោ ដែលមានតួនាទីយ៉ាងសំខាន់ គឺធ្វើឲ្យកម្ពុជារបស់យើងមានឯករាជ្យភាពនៅក្នុងការដឹកជញ្ជូនផ្លូវទឹក បន្ថែមលើកំពង់ផែដែលយើងមានស្រាប់ នៅក្រុងព្រះសីហនុ និងខេត្តកំពត និងកំពង់ផែនានា ។»

លោកបានបន្តថា «ព្រែកជីកប្រវត្តិសាស្ត្រនេះមិនត្រឹមតែជួយសម្រាប់ឲ្យប្រទេសកម្ពុជារបស់យើងមានផ្លូវទឹកដ៏សំខាន់ភ្ជាប់ទៅសមុទ្រមួយថែមទៀតនោះទេ ថែមទាំងជំរុញឲ្យមានប្រព័ន្ធស្រោចស្រពជួយខាងវិស័យកសិកម្ម ដែលកម្ពុជាយើងក៏ជាប្រទេសកសិកម្មមួយដ៏មានសារៈសំខាន់ ។ ហើយធ្វើឲ្យអ្នកនៅជុំវិញ ប្រជាជនទាំងអស់ហ្នឹងបានទទួលអត្ថប្រយោជន៍ដ៏សំខាន់ ស្ថិតស្ថេរចីរកាលសម្រាប់យើងទាំងអស់គ្នា ហើយជួយដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចសង្គមកិច្ចរបស់កម្ពុជាបានទទួលផលដ៏មានសារៈសំខាន់នេះសម្រាប់រយៈកាលដ៏យូរលង់តទៅមុខទៀតសម្រាប់យើងទាំងអស់គ្នា ។ ដូច្នេះថ្ងៃប្រវត្តិសាស្ត្រ ថ្ងៃដ៏នក្ខត្តរិក្សនេះ គឺយើងចូលរួមអបអរសាទរទាំងអស់គ្នាដោយសេចក្ដីរីករាយក្រៃលែង ។»
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ភ្ជាប់ពីទន្លេមេគង្គ ទៅសមុទ្រ ដោយឆ្លងកាត់ខេត្តចំនួនបួន គឺកណ្ដាល តាកែវ កំពត និងកែប ។
គម្រោងនេះគ្រោងចំណាយទឹកប្រាក់ចំនួន ១៧០០ លានដុល្លារ ហើយការសាងសង់ នឹងប្រើរយៈពេល ៤ ឆ្នាំ ។
នៅពេលចាប់ផ្ដើមប្រតិបត្តិការ ព្រែកជីកហ្វូណនតេជោ ត្រូវបានរំពឹងថា នឹងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ១,៦ លាននាក់ ៕



