
ឆ្នាំ២០២៤នេះ ថៃគ្រោងនឹងចាយថវិកា ៧,៦លានដុល្លារ ដើម្បីផ្សព្វផ្សាយពីកីឡាប្រដាល់ មួយថៃ ទៅកាន់ពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាសនៅសប្ដាហ៍នេះថា គណៈរដ្ឋមន្ត្រីរបស់លោកបានអនុម័តយល់ព្រមរួចហើយ ទៅលើសំណើរបស់ក្រសួងទេសចរណ៍និងកីឡា ដើម្បីបែងចែកថវិកាជិត ៧,៦លានដុល្លារ សម្រាប់ការផ្សព្វផ្សាយកីឡាប្រដាល់”មួយថៃ” ។
គម្រោងដើម្បីលើកកម្ពស់មុខមាត់កីឡាប្រដាល់ មួយថៃ ទៅកាន់ឆាកអន្តរជាតិ រួមមាន ការរៀបចំបង្កើតកម្មវិធីបង្វឹកក្បាច់គុនមួយថៃ ការបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក ការបង្កើតមជ្ឈមណ្ឌដើម្បីបញ្ជាក់គុណវុឌ្ឍិគ្រូគុនមួយថៃ និងការបញ្ជាក់ជំរំហាត់គុនមួយថៃនៅក្រៅប្រទេស ។
គោលបំណងរបស់គម្រោងនេះដែរ ក៏ដើម្បីលើកស្ទួយក្បាច់គុនមួយថៃឱ្យក្លាយជាក្បាច់គុនពិភពលោក ដោយបង្កើតឱកាសឱ្យកីឡាករប្រដាល់ថៃ គ្រូបង្វឹក និងប្រតិបត្តិករវិស័យប្រដាល់នេះ ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ និងចែករំលែកបទពិសោធន៍ក្បាច់គុននេះ ទៅដល់ពិភពលោក ។
ដើម្បីធានានិរន្តរភាព គម្រោងនេះក៏ស្វះស្វែងរកចំណូលផងដែរ ដោយគេរំពឹងថា អាចនឹងរកបានចំណូលជាង ៦០លានដុល្លារ គិតជាតម្លៃសេដ្ឋកិច្ច និងធ្វើឱ្យគេស្គាល់ក្បាច់គុនមួយថៃ នៅក្នុង ១៩០ប្រទេសជុំវិញពិភពលោក ព្រមទាំងទាក់ទាញទេសចរមកទស្សនាប្រទេសថៃ និងរួមចំណែកបង្កើនចំណូលជាតិផងដែរ ៕


