
ស្ថិតនៅភូមិព្រៃចម្ការ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង លោក ហង់ ខុន មានវ័យខ្ទង់ ៥០ឆ្នាំ បានចាប់យកមុខរបរចិញ្ចឹមកង្កែបអស់រយៈពេលប្រមាណជា២ឆ្នាំមកហើយ ដោយការចិញ្ចឹមរបស់លោក ទោះបីជាមិនធំដូចកសិដ្ឋាន ប៉ុន្តែក៏អាចរកចំណូលបានសម្រាប់ចាយវាយប្រចាំថ្ងៃគ្រាន់បើដែរ ។
លោក ហង់ ខុន បានរៀបរាប់ថា « ដំបូងទិញពូជពីគេដែរ ទិញប្រហែលមេ៨ ពូជ ឈ្មោល ៨ក្បាល យក មកបង្កាត់ ។ ខ្ញុំក៏បានលក់កូនបាន លក់ឲ្យគេមួយវគ្គអ៊ីចឹងទៅ ខ្ញុំបានប្រហែល២ពាន់កូន វគ្គក្រោយខ្ញុំបាន២ពាន់កូនទៀត លក់កូនឲ្យគេ ហើយក្នុងមួយកូន ខ្ញុំបានតែ៥០០ទេ ហើយនៅសេសសល់ ប្រហែលជា២ពាន់ជាង ខ្ញុំចិញ្ចឹមសាច់ រយៈបីខែហ្នឹង ក៏ខ្ញុំលក់បានប្រហែលជា១០០គីឡូ ហើយនៅសល់ប្រហែលជា ៣-៤រយក្បាលដែរ នៅចេះតែធំៗទៅ ចេះតែទុក ដូចថាហូបខ្លះទៅ ហើយបងប្អូនត្រូវការទិញហូប ១គីឡូហ្នឹង ក៏១ម៉ឺន២ពាន់[រៀល]អ៊ីចឹងទៅ»។

លោកបានបន្តថា ការចិញ្ចឹមកង្កែបនេះដែរ លោកគ្រាន់តែមើលតាមវីដេអូគេចិញ្ចឹម ហើយក៏រៀនចិញ្ចឹមតាមគេ ដំបូងៗក៏ជួបបញ្ហាដែរ ចិញ្ចឹមទៅងាប់ មិនចេះភ្ញាស់កូន តែយូរៗទៅ ចាប់ផ្តើមដឹង និងអនុវត្តចេញដោយខ្លួនឯង ។ ដូច្នេះ រយៈពេលពីរឆ្នាំនៃការចិញ្ចឹមកង្កែបរបស់លោក គឺអាចរកចំណូលបានពីរច្រក ទីមួយគឺភ្ញាស់កូនយកលក់ ហើយចំណែកឯទីពីរនោះ គឺលក់កង្កែបសាច់ ។

ដោយឡែក ចំពោះកូនដែលពេលភ្ញាស់លក់ប្រហែលប៉ុនម្រាមដៃ លក់តម្លៃ ៣០០រៀល ទៅ ៥០០រៀល អាស្រ័យតាមតូចធំ ចំណែកឯកង្កែបសាច់វិញ លក់បោះដុំឲ្យទៅម៉ូយក្នុងមួយគីឡូកង្កែបប្រហែល ៧ ទៅ ៨កង្កែប តម្លៃបោះដុំ ៧០០០រៀល ។ លោក ហង់ ខុន បានបន្តថា តម្លៃនេះធ្លាក់បន្តិច ខណៈដែលពីមុនមក លក់បានជាង ១ម៉ឺនរៀល ដោយសារតែរដូវកង្កែបគេផលិតបានច្រើន ធ្វើឲ្យទីផ្សារសម្បូរ ប៉ុន្តែ ខែណាដែលគេផលិតមិនសូវបាន តម្លៃកង្កែបនឹងឡើងថ្លៃវិញ ។
កសិកររូបនេះបានរៀបរាប់បន្ថែមថា «គេយកទៅភ្នំពេញ ឃើញគេដឹកម្តង ៤០០-៥០០គីឡូឯណុះ ម៉ូតូគេយកគ្រប់កន្លែង គេមកយកដាក់ឡាន អត់ពិបាកទេ ។ អ្នកហូបគេទិញម្តង៤-៥គីឡូដែរ អាធំៗហ្នឹង ហើយខែដែលគេហូបខ្លាំង ខែយើងចូលឆ្នាំ អ៊ីចឹងបានខ្ញុំស្តុកទុកអាធំៗ ខ្ញុំលក់មួយប្រាវចូលឆ្នាំហ្នឹង ច្រើនគីឡូ ៥០-៦០គីឡូដែរ ។»

អ្នកចិញ្ចឹមកង្កែបរូបនេះបានបញ្ជាក់ថា លោកអាចរកចំណូលបានប្រមាណជា ៧៥ម៉ឺនរៀល ក្នុងការចិញ្ចឹមកង្កែបមួយសា ដោយអាចចាប់លក់បានបន្ទាប់ពីចំណាយពេលចិញ្ចឹមប្រហែលជា៣ខែ អាស្រ័យទៅលើការចិញ្ចឹមតិច ឬច្រើន បើទូទាត់ថ្លៃចំណីអស់ គឺសល់ ៤០ម៉ឺនរៀលដែរ ។ ប៉ុន្តែ លោកថា ការចិញ្ចឹមកង្កែបនេះមិនពិបាកដូចចិញ្ចឹមសត្វផ្សេងៗទេ ដាក់តែចំណី ប្តូរតែទឹក សល់ពេលទំនេរ ចិញ្ចឹមលេងៗបាន ៕


