
លោក ចាន់ វុទ្ធី គឺជាម្ចាស់សហគ្រាសផលិតឈីស (Cheese) មានឈ្មោះថា La Fattoria ដែលមានពីរទីតាំង គឺនៅខេត្តសៀមរាបនិងនៅក្រុងតាខ្មៅ ។
La Fattoria គឺជាយីហោមួយដែលបានចាប់ផ្តើមកែច្នៃផលិតឈីសក្នុងស្រុកដំបូងគេបង្អស់ ពោលគឺតាំងពីអំឡុងឆ្នាំ២០០៧មកម្ល៉េះ ហើយនេះគឺជាផលិតផលនៅក្នុងស្រុកមួយដែលកូនខ្មែរអាចកែច្នៃបាន ដោយយកទឹកដោះគោក្នុងស្រុកផ្ទាល់ ធ្វើជាឈីសជាច្រើនប្រភេទផ្គត់ផ្គង់នៅលើទីផ្សារ ។

លោក ចាន់ វិទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំ ចាន់ វុទ្ធី ម្ចាស់សហគ្រាស La Fattoria សុំអំពាវនាវដល់បងប្អូនជនរួមជាតិ រួមភាសាទាំងអស់មេត្តាជួយគាំទ្រនូវផលិតផលស្នាដៃកូនខ្មែរ ដែលបង្កើតពីស្នាដៃខ្ញុំផ្ទាល់ ហើយយើងនាំគ្នាជួយជំរុញ លើកទឹកចិត្តផលិតផលក្នុងស្រុកយើង ឲ្យមានឈ្មោះបោះសំឡេងទៅលើឆាកអន្តរជាតិ ហើយជាមោទកភាពមួយដើម្បីបង្ហាញពិភពលោកឲ្យដឹងថា ខ្មែរយើងធ្វើបានដែរ មិនចំពោះមិនចំពោះតែបរទេសទេ» ។
លោកបានបន្តថា ជំនាញធ្វើឈីសនេះមិនមែនចេះតែធ្វើនោះទេ ប៉ុន្តែ លោកបានឆ្លងកាត់និងទៅរៀនជំនាញធ្វើឈីសនេះនៅឯប្រទេសអ៊ីតាលីដោយផ្ទាល់ ដែលជាប្រទេសល្បីល្បាញខាងកែច្នៃឈីសធំបំផុត ហើយលោកបានយកចំណេះដឹងមួយនេះមកបង្កើតនៅលើទឹកដីប្រទេសកម្ពុជា ខណៈដែលនៅកម្ពុជាមានធនធានគ្រប់គ្រាន់ស្រាប់ទៅហើយក្នុងការកែច្នៃ ។

បុរសវ័យប្រមាណជា៤០ឆ្នាំរូបនេះ បានបន្ថែមថា បច្ចុប្បន្ន នៅក្នុងសហគ្រាសរបស់លោកអាចកែច្នៃឈីសជិត១០ប្រភេទខុសៗគ្នា ដាក់លក់ពេញផ្សារទំនើបតូចធំ និងបានចែកចាយស្ទើរគ្រប់២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា ជាពិសេសនោះ គឺតំបន់ទេសចរណ៍ ដូចជា ខេត្តសៀមរាប កំពង់សោម កោះកុងជាដើម ដែលភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកនិយមទទួលទានខ្លាំង តាមសណ្ឋាគារ រីស៊ត ភោជនីយដ្ឋាន ជាដើម ។
លោករៀបរាប់បន្ថែមទៀតថា «លក្ខណៈពិសេសរបស់ឈីសផលិតនៅក្នុងស្រុកនេះដែរ ទីមួយនោះគឺទឹកដោះគោស្រស់ដែលយកមកភ្លាមៗ ផលិតនៅក្នុងស្រុកយើង វាជាលក្ខណៈថ្មីៗល្អបំផុត ហើយអ្វីដែលជាលក្ខណៈពិសេសបន្ថែមមួយទៀតនោះគឺអត់បានប្រើសារធាតុគីមីអីដើម្បីពន្យារការលក់ឲ្យបានច្រើនខែច្រើនឆ្នាំឡើយ ដែលអាចជួយទៅដល់សុខភាពអ្នកទទួកទាន ហើយទទួលទានដោយមានមោទកភាព ព្រោះវាជាផលិតផលនៅក្នុងស្រុក» ។

មហិច្ឆតាធំរបស់ La Fattoria ទៅថ្ងៃខាងមុខ គឺជំរុញការផលិតនៅក្នុងស្រុកឲ្យកាន់តែច្រើនឡើង បំពេញតម្រូវការក្នុងស្រុក ក្នុងគោលបំណងកាត់បន្ថយផលិតផលនាំចូល និងផលិតដើម្បីប្រជាជនកម្ពុជា ហើយគ្រោងយកផលិតផលកម្ពុជាទៅកាន់ប្រទេសជិតខាងថែមទៀតផង ៕


