
ឆ្នាំ២០២៤នេះ ទេសចរចិនធ្វើដំណើរទៅកាន់តំបន់អាស៊ីច្រើនជាងគេ ក្នុងនោះប្រទេសជប៉ុននិងថៃជាគោលដៅពេញនិយមជាងគេបំផុតសម្រាប់ទេសចរចិន ។
ប្រទេសជប៉ុន ថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ី កំពុងមានកំណើនទេសចរចិនយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយសារគោលនយោបាយអនុគ្រោះវីសា អត្រាប្ដូរប្រាក់ល្អសម្រាប់លុយចិន និងតម្រូវការនូវបទពិសោធន៍ប្រណីតៗ ។
ការចូលដោយមិនតម្រូវឱ្យមានវីសា និងអត្រាប្ដូរប្រាក់អំណោយផលដល់ប្រាក់យ័នចិនស្ថិតក្នុងចំណោមកត្តាសំខាន់ៗសម្រាប់ការជ្រើសរើសធ្វើដំណើរទេសចរណ៍សម្រាប់ប្រជាជនចិន ។
ឈរនៅលើកំពូលតារាងជាប្រទេសដែលទេសចរចិនទៅទស្សនាច្រើនបំផុត រួមមាន ជប៉ុន និងថៃ ដេញប្រកិតតាមក្រោយដោយប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត ។
ជប៉ុននិងថៃបានក្លាយជាជម្រើសកំពូលសម្រាប់ទេសចរចិន ដោយសារតែលក្ខខណ្ឌអនុគ្រោះវីសា និងអត្រាប្ដូរប្រាក់ដែលអំណោយផល ។ កូរ៉េខាងត្បូងក៏ជាទីពេញនិយមសម្រាប់ទេសចរចិនដែរ ដោយសារលុយកូរ៉េធ្លាក់ថ្លៃធៀបនឹងលុយចិន ។ នេះបើយោងតាមទិន្នន័យពី Cirium, FowardKeys និងវិបសាយកក់សំបុត្រធ្វើដំណើរតាមអនឡាញធំៗ ។
តាមលំដាប់លំដោយតទៅនេះ គឺជាប្រទេសដែលទេសចរចិនទៅលេងច្រើនជាងគេបំផុត ប៉ុន្តែ គួរឱ្យសោកស្ដាយ ប្រទេសកម្ពុជាពុំមាននៅក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៩ ប្រទេសសម្រាប់ប្រជាជនចិននោះទេ ៖ ១. ជប៉ុន ២. ថៃ ៣. កូរ៉េខាងត្បូង ៤. ហុងកុង ៥. សិង្ហបុរី ៦. ម៉ាឡេស៊ី ៧. តៃវ៉ាន់ ៨. វៀតណាម និង ៩. ម៉ាកាវ ៕
ប្រែសម្រួលពី JING DAILY


