
រោងចក្រអគ្គិសនីកម្លាំង ៩០០មេហ្គាវ៉ាត់ តម្លៃ ១៣៥០លានដុល្លារ របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី១៦ តុលានេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅស្រុកបុទមសាគរ ខេត្តកោះកុង ។
នេះជាគម្រោងរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់នេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាអ្នកបោះទុន ១០០% លើរោងចក្រអគ្គិសនីនេះ បានលើកឡើងថា រោងចក្រអគ្គិសខ្នាតយក្សនេះនឹងផ្តល់នូវសន្តិសុខថាមពលសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ផ្ដល់ការងារពេញម៉ោងរាប់រយកន្លែង ព្រមទាំងនឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាបន្ថែមទៀត ផងដែរ ។
អ្នកឧកញ៉ា គិត ម៉េង ថ្លែងយ៉ាងដូច្នេះថា «វាជាឱកាសដ៏មានមោទនភាពមួយសម្រាប់រូបខ្ញុំផ្ទាល់ ដែលគម្រោងនេះ នឹងក្លាយរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ ដែលបង្កើតឡើងដំណើរការ និងគ្រប់គ្រងផ្ទាល់ដោយកម្ពុជា ១០០%» ។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ដែលបានចូលរួមជាអធិបតីនៃពិធីបើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីនៅខេត្តកោះកុង បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មីនេះ ។
លោកបន្តថា ថាមពលអគ្គិសនីគឺចាំបាច់ណាស់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ច ។
លោករដ្ឋមន្ត្រីបានបន្តថា ថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ គឺបៃតងជាងការផលិតអគ្គិសនីដោយដុតធ្យូងថ្មរហូតដល់ ៥០ភាគរយ ។ ដូច្នេះ រោងចក្រនេះនឹងដើរតួនាទីសំខាន់ក្នុងការជួយរក្សាស្ថិរភាពអគ្គិសនីនៅកម្ពុជា និងបង្កើនការទាក់ទាញការវិនិយោគថ្មីៗ ជាពិសេសក្នុងឧស្សាហកម្មបៃតង ។

គួរបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ក្រៅពីរោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះ ក៏បានវិនិយោគលើគម្រោងវារីអគ្គិសនី សេសានក្រោម ២ កម្លាំង ៤០០មេហ្គាវ៉ាត់ ដែលជាប្រភពថាមពលស្អាតធំជាងគេបំផុតនៅកម្ពុជា ផងដែរ ។
យោងតាមក្រុមហ៊ុន រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនៅខេត្តកោះកុងនេះ នឹងផ្តល់ការងារដល់ប្រជាជនចំនួន ២.៦០០នាក់ នៅក្នុងអំឡុងពេលសាងសង់ ដែលនឹងចំណាយពេល ៣៨ខែ ។
រោងចក្រនេះបំពាក់ដោយទួរប៊ីន ៤៥០មេហ្គាវ៉ាត់ ចំនួន ២ ដោយទួរប៊ីនទី១គ្រោងនឹងផលិតថាមពលចាប់ពីខែមេសា ឆ្នាំ២០២៧ និងទី២ នៅខែធ្នូ ឆ្នាំ ២០២៧ តទៅ ។ នៅពេលដំណើរការពេញលេញ រោងចក្រអគ្គិសនីនេះនឹងប្រើប្រាស់កម្លាំងពលកម្មពេញម៉ោងចំនួន ៣៥០នាក់ ។
គម្រោងរោងចក្រនេះក៏នឹងរួមបញ្ចូលនូវចំណតកំពង់ផែសម្រាប់ផ្ទុកឧស្ម័នធម្មជាតិ (LNG) ចេញពីកប៉ាល់ដែលមានលទ្ធភាពផ្ទុក ១៨៥.០០០ម៉ែត្រគូប ធុងផ្ទុក LNG ដែលមានលទ្ធភាពផ្ទុក ២០ម៉ឺនម៉ែត្រគូប និងខ្សែបញ្ជូន ៣៦គីឡូម៉ែត្រ ២៣០kV ៕


