
រដ្ឋាភិបាលវៀតណាមបានប៉ាន់ស្មានថា ព្យុះទីហ្វុងយ៉ាគី បានបង្កការខូចខាតអស់ដល់ទៅ ១ពាន់ ៦៣០លានដុល្លារ នៅតំបន់ភាគខាងជើងនៃប្រទេសនេះ ។ ហើយការខូចខាតនេះ នឹងទាញទម្លាក់ GDP ឆ្នាំ២០២៤របស់វៀតណាម ឱ្យធ្លាក់ចុះ ០,១៥% ។
ទន្ទឹមនឹងនេះដែរ តុល្យការចំនួនប្រជាជនដែលស្លាប់ដោយសារព្យុះយ៉ាគី នៅវៀតណាម គិតត្រឹមថ្ងៃទី១៦ កញ្ញានេះ ឡើងលើស ២៦០នាក់ហើយ ។
រដ្ឋមន្ត្រីក្រសួងផែនការវៀតណាម និយាយថា ព្យុះយ៉ាគីបានវាយប្រហារមកលើប្រទេសវៀតណាមធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងពេល ៣០ឆ្នាំចុងក្រោយនេះ ។
ភ្លៀងនិងជំនន់បានប៉ះពាល់ទៅដល់ ២៦តំបន់ ឬស្មើនឹង ៤០% នៃប្រជាជនសរុប ។
នៅតំបន់ភាគខាងជើង ព្យុះយ៉ាគីបានបំផ្លាញផ្ទះសម្បែងប្រជាជនអស់ ២៥៧ពាន់ផ្ទះ សាលារៀនអស់ ១៣០០ខ្នង និងធ្វើឱ្យបាក់ទំនប់ ៣០៥កន្លែង រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ។
ផលដំណាំកសិកម្មប្រហែល ២សែន ៦ម៉ឺន ២ពាន់ហិកតា ត្រូវបានជន់លិច កសិដ្ឋានវារីវប្បកម្ម ២២៥០កន្លែង ត្រូវបានបំផ្លាញ ។ សត្វពាហនៈ និងមាន់ទា ២លាន ៣សែនក្បាល បានងាប់ និង ដើមឈើក្នុងទីក្រុងចំនួន ៣សែន ១ម៉ឺនដើម បានដួលរលំ ៕


