
រដ្ឋាភិបាលសិង្ហបុរីបានដាក់ចេញគោលនយោបាយថ្មីមួយ ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភដល់ទៅ ៤៥០០ដុល្លារអាមេរិក ដល់កម្មករដែលអត់ការងារធ្វើក្នុងរយៈពេល ៦ខែ ។
នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ស្ទ្រេថស៍ ថែមស៍ ។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉ង់ស៍ វុង បានប្រកាសកម្មវិធីនេះកាលពីថ្ងៃអាទិត្យ ។
កម្មវិធីឧបត្ថម្ភនេះ តម្រូវឱ្យអ្នកទទួលផលត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល ការពិគ្រោះពីអាជីពការងារ និងសេវាផ្គូរផ្គងការងារ ។
គោលបំណងនៃកម្មវិធីនេះ គឺជួយដល់ប្រជាជនដែលគ្មានការងារធ្វើ ដើម្បីឆ្លងកាត់ពេលវេលាលំបាក និងស្វែងរកការងារថ្មីឱ្យបានឆាប់រហ័ស ។
លោក វុង បាននិយាយថា «យើងនឹងគាំទ្រអ្នក យើងនឹងនៅជាមួយគ្នា ប៉ុន្តែ អ្នកខ្លួនឯងក៏ត្រូវទទួលខុសត្រូវចំពោះសកម្មភាពខ្លួនឯងដែរ ។ អ្នកក៏ត្រូវតែខំប្រឹប្រែងដើម្បីជួយជ្រោងខ្លួនឯងដែរ ។»
អ្នកទទួលផលពីកម្មវិធីនេះ គឺកម្មករចំណូលទាបនិងចំណូលមធ្យមទាំងឡាយ ដែលពីមុននេះ រកចំណូលបានក្រោម ៥០០០ដុល្លារសិង្ហបុរី ក្នុងមួយខែ ។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក វុង បានបន្តថា នៅប្រទេសអ្នកមានខ្លះ រដ្ឋផ្ដល់ធានារ៉ាប់រងដ៏សប្បុរសដល់អ្នកដែលគ្មានការងារធ្វើ ហើយវាបាននាំឱ្យមនុស្សជាច្រើន សុខចិត្តនៅអត់ការងារធ្វើ ជាជាងទៅរកការងារធ្វើ ។
លោកថា សិង្ហបុរីនឹងទប់ស្កាត់មិនឱ្យរឿងនេះកើតឡើងទេ ពោលគឺធ្វើយ៉ាងណា មិនឱ្យអ្នកអត់ការងារធ្វើផ្ដេកផ្ដួលខ្លួនរង់ចាំតែការឧបត្ថម្ភពីរដ្ឋឡើយ ។
សព្វថ្ងៃនេះ សិង្ហបុរីមិនមានគោលនយោបាយផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតដែលគ្មានការងារធ្វើឡើយ ៕


