
យុទ្ធនាការសៀវភៅមួយសហគមន៍មួយ ឬ One Book One Community នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកបេសកកម្ម២៥ថ្ងៃ ទៅកាន់ ២៥ខេត្តក្រុង ដើម្បីផ្សព្វផ្សាយជំរុញការអាន ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ។
យុទ្ធនាការនឹងធ្វើដំណើរដោយរថយន្តក្រុង ចែកជា ៥ខ្សែខុសៗគ្នា និងគ្រោងចែកសៀវភៅ ២ម៉ឺន ៥ពាន់ក្បាល ទៅដល់សហគមន៍ និងស្វែងរកជើងឯកអំណានប្រចាំតំបន់ ដើម្បីឈានទៅដល់ការប្រកួតជើងឯកបំបែកជើងឯក នៅរាជធានីភ្នំពេញ ។
គេរំពឹងថា យុទ្ធនាការនេះនឹងទាក់ទាញអ្នកចូលរួមប្រហែល ២៥០០នាក់ រួមទាំងយុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូសហការលើផ្លូវដ៏វែងឆ្ងាយប្រមាណ ៣.០០០គីឡូម៉ែត្រជុំវិញប្រទេស ។
លោកស្រី ហ៊ាង វត្ថី សហស្ថាបនិកយុទ្ធនាការសៀវភៅមួយសហគមន៍មួយ ថ្លែងនៅក្នុងសន្និសីទបើកយុទ្ធនាការកាលពីថ្ងៃទី៩ ខែសីហា ថា បេសកកម្មនេះគឺជាផ្នែកមួយជំរុញវប្បធម៌ការអានតាមសហគមន៍ និងពង្រឹងបន្ថែមនូវធនធានមនុស្សនៅក្នុងសង្គមកម្ពុជាឱ្យកាន់តែប្រសើរជាងមុន ។
លោកស្រីបានបញ្ជាក់ ៖ «នាងខ្ញុំរំពឹងជឿជាក់ថា ក្រោយចប់សកម្មភាពជំរុញការអាន និងបណ្តុះវប្បធម៌ថ្លៃថ្នូររបស់យើងក្នុងពេលនេះ វានឹងមានភាពសកម្ម និងឯករាជ្យក្នុងការជំរុញឱ្យសហគមន៍ទាំងនោះអាចរៀបចំសកម្មភាពនានាបានដោយខ្លួនឯងនៅសហគមន៍ពួកគេ ជាពិសេសឱ្យយុវជនកាន់តែស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍ និងវប្បធម៌ខ្មែរ ។»

លោក ជា តុងហ៊ួរ សហគ្រិននិងជាអ្នកនិពន្ធសៀវភៅបាននិយាយថា ៖ «មូលហេតុដែលខ្ញុំចូលរួមយុទ្ធនាការរបស់សៀវភៅមួយសហគមន៍មួយ ព្រោះខ្ញុំចង់លើកកម្ពស់ការអានតាមសហគមន៍ យុវជន និងក្មេងៗជំនាន់ក្រោយ ។ ខ្ញុំចង់លើកទឹកចិត្តអ្នកនិពន្ធឱ្យនិពន្ធនិងចងក្រងសៀវភៅល្អៗ សម្រាប់ប្រជាជនកម្ពុជា»។
លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជានាយកអង្គការស៊ីប៉ា (Sipar) យល់ថា ៖ « បញ្ហានៅកម្ពុជាយើង គឺសៀវភៅមិនបានទៅដល់ដៃមនុស្សគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីទេ ហើយគំនិតរបស់ប្អូនៗ ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាយកសៀវភៅឱ្យបានទៅដល់សហគមន៍ ឬទីជនបទ ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពមួយល្អ ហើយជាការចូលរួមចំណែកយ៉ាងសកម្មមួយក្នុងការអភិវឌ្ឍការអាន និងការលើកស្ទួយចំណេះដឹងនៅកម្ពុជា» ។
គួរបញ្ជាក់ថា យុទ្ធនាការសៀវភៅមួយសហគមន៍មួយ គឺជាយុទ្ធនាការមួយដែលមានសកម្មភាពបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យតាមរយៈកម្មវិធីចំនួន៥ រួមមាន ១. កម្មវិធីប្រកួតអំណាន២៥ខេត្តក្រុង និងជើងឯកបំបែកជើងឯកនៅរាជធានីភ្នំពេញ ២. កម្មវិធីចែកសៀវភៅ ៣. កម្មវិធីបណ្ណាល័យចល័ត ៤. កម្មវិធីអភិវឌ្ឍបណ្ណាល័យ និង៥. សិក្ខាសាលាចែករំលែកចំណេះដឹង។
យុទ្ធនាការតាមរថយន្តក្រុងនេះ នឹងចែកចេញជា ៥ខ្សែ ដោយខ្សែរទី១ នឹងបាញ់ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ ខ្សែរទី២ នឹងបាញ់ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ ខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែរទី៣ បាញ់ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ ខ្សែរទី៤ បាញ់ឆ្ពោះទៅទិសនិរតី មានខេត្តកំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង កែប និងតាកែវ និងខ្សែរទី៥ បន្តបាញ់ឆ្ពោះទៅទិសឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរី ៕


