
ជាគំនិតផ្ដួចផ្ដើមថ្មីដើម្បីទាក់ទាញអ្នកវិនិយោគបរទេសឱ្យមករកស៊ីនៅស្រុកផង់ខ្លួន ឥណ្ឌូណេស៊ីបានដាក់ចេញនូវកម្មវិធីទិដ្ឋាការរយៈពេលវែង សម្រាប់ផ្ដល់ឱ្យជនបរទេសណាដែលមករកស៊ីនៅប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ីមួយនេះ ។
វិនិយោគិនបរទេសជាបុគ្គល ដែលមករកស៊ីនៅឥណ្ឌូណេស៊ី ដោយបោះទុន ២លាន ៥សែនដុល្លារឡើង នឹងទទួលបានទិដ្ឋាការ ៥ឆ្នាំ ។ ចំពោះទិដ្ឋាការ ១០ឆ្នាំវិញ វិនិយោគិនជាបុគ្គលត្រូវបោះទុន
វិនិយោគ ៥លានដុល្លារ ។
ចំពោះក្រុមហ៊ុនវិនិយោគវិញ ដើម្បីបានទិដ្ឋាការ ៥ឆ្នាំសម្រាប់ក្រុមប្រឹក្សាភិបាលនិងមន្ត្រីរបស់ខ្លួន ត្រូវបោះទុនវិនិយោគ ២៥លានដុល្លារ ។ បើទិដ្ឋាការ ១០ឆ្នាំវិញ ត្រូវដាក់ទុនវិនិយោគ ៥០លានដុល្លារ ។
ជនបរទេសជាបុគ្គលដែលមិនចង់បើកក្រុមហ៊ុនរកស៊ីនៅឥណ្ឌូណេស៊ីទេ ប៉ុន្តែ ចង់បានទិដ្ឋាការរយៈពេលវែងដូចខាងលើ ក៏អាចធ្វើបានដែរ ដោយទិញជាបណ្ណបំណុលរបស់រដ្ឋ ភាគហ៊ុនក្រុមហ៊ុនសាធារណៈ ឬដាក់ប្រាក់កក់ ពី ៣៥ម៉ឺនដុល្លារ ដល់ ៧០ម៉ឺនដុល្លារ ។
នៅជុំវិញពិភពលោក មានប្រទេសជាច្រើនបានអនុវត្តកម្មវិធីទិដ្ឋាការមាសនេះ ប៉ុន្តែ ក៏មានប្រទេសមួយចំនួនដែរ ដែលលុបកម្មវិធីបែបនេះចោលវិញ ដូចជា កាណាដា អង់គ្លេស និងសិង្ហបុរី ដោយគេយល់ឃើញថា ការវិនិយោគតាមរយៈកម្មវិធីទិដ្ឋាការមាសនេះ មិនបង្កើតការងារឱ្យប្រជាជនទេ ៕


