
លោក មីត រ៉ាហ្គែល ជាជាងកាំបិតពូថៅ ដែលបច្ចុប្បន្ន សិប្បកម្មរបស់លោកមានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ។ លោកចាប់យកអាជីពជាជាងផលិតកាំបិត ពូថៅ និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត ប្រមាណជា ១០ឆ្នាំមកហើយ ពោលគឺជំនាញមួយនេះ លោកបានស្នងតំណែងពីជីតារបស់លោកដោយផ្ទាល់ ។
លោក មីត រ៉ាហ្គែល បានរៀបរាប់ថា «អីវ៉ាន់របស់ខ្ញុំមានច្រើនមុខបង បើរាប់ត្រួសៗ២០-៣០មុខហើយ ប៉ុន្តែ បើយើងរាប់មានច្រើន បើនិយាយពីការលក់វិញ គឺប្រភេទកណ្តៀវហើយនិងកាំបិតផ្គាក់ កាំបិតប៉័ងតោ (កាំបិតកាប់សាច់) ហើយនិងចបចក់ឈូសស្មៅ ព្រោះនៅទីនេះ គេដាំចម្ការល្មុតចម្ការអ៊ីចឹង តែដាច់ខ្លាំងជាងគេ គឺកណ្តៀវ ហើយនិងកាំបិតហ្នឹងហ្មង» ។

លោក រ៉ាហ្គែល បានបន្តថា ចាប់តាំងពីលោកចាប់យកអាជីពជាងកាំបិតពូថៅ រយៈពេលជាង១០ឆ្នាំមកនេះ មានភ្ញៀវគាំទ្រច្រើនណាស់ ដោយសាររូបលោកល្អិតល្អន់ខ្លាំង លើរាល់ការធ្វើសម្ភារផ្សេងៗដែលភ្ញៀវចង់បាន ដូចជា កាំបិត ពូថៅ គឺត្រូវតែធ្វើឲ្យស្អាតនិងផ្ចិតផ្ចង់ខ្លាំងបំផុត ទោះបីជាត្រូវចំណាយពេលប៉ុន្មានម៉ោងក៏ដោយ គឺត្រូវតែផ្តោតលើគុណភាពជាចម្បង ទើបអាចទាញគេឲ្យទិញម្តងហើយចង់ទិញម្តងទៀត ជាពិសេសនោះ អាចរក្សាកេរ្តិ៍ឈ្មោះបានយូរអង្វែង ។

បុរសវ័យ២០ឆ្នាំប្លាយបានរៀបរាប់បន្តទៀតថា ទោះបីជាការងារមួយនេះមើលទៅលំបាកយ៉ាងណាក៏ដោយ តែសម្រាប់លោកផ្ទាល់ ដូចជាគ្មានលំបាកអ្វីទេ ព្រោះដោយសារកើតចេញពីការស្រឡាញ់ ទោះបីជាបែកញើសហូរញើសពិតមែន ប៉ុន្តែ វាជារឿងធម្មតាទៅហើយសម្រាប់រូបលោកផ្ទាល់ ព្រោះតែចិត្តស្រឡាញ់និងចង់ថែរក្សាមុខរបរតជំនាន់មួយនេះ ។

លោក រ៉ាហ្គែល និយាយថា បច្ចុប្បន្ន លោកអាចផលិតកាំបិតនិងពូថៅ ក្នុងមួយថ្ងៃបានចន្លោះពី ២០ ទៅ ៣០ផ្លែ សម្រាប់ការលក់បោះដុំនិងលក់រាយទៅកាន់សើ្ទរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ហើយសម្រាប់ខេត្តដែលលក់ដាច់ច្រើនជាងគេនោះ គឺខេត្តកណ្តាលដោយសារប្រជាជននៅក្នុងតំបន់នេះ មានតម្រូវការច្រើនផ្នែកសម្ភារកសិកម្ម ។
ជាងកាំបិតពូថៅវ័យក្មេងរូបរាងសង្ហារូបនេះ បានបញ្ជាក់ថា មុខរបរមួយនេះពុំសូវមានអ្នកចាប់អារម្មណ៍ចង់ធ្វើវាទេ ដោយសារតែវាប្រើកម្លាំងច្រើន ហើយប្រសិនបើនៅថ្ងៃខាងមុខ វាអាចនឹងបាត់បង់ផងក៏មិនដឹងដែរ ហើយសម្ភារប្រើប្រាស់ប្រពៃណីរបស់ខ្មែរមួយចំនួន ក៏អាចនឹងលែងមានទៀតដែរ ដោយជំនួសមកវិញគឺការនាំចូលពីប្រទេសជិតខាង ដោយបច្ចុប្បន្នការផលិតបែបនេះនៅប្រើកម្លាំងមនុស្សច្រើន មិនទាន់អាចយកម៉ាស៊ីនមកផលិតបានទេ ៕


