
រដ្ឋាភិបាលវៀតណាមមានបំណងសម្រេចឲ្យបាននូវគោលដៅមួយ គឺផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រជាជនម្នាក់ គឺ ៧៥០០ដុល្លារ នៅឆ្នាំ២០៣០ ។
យោងតាមធនាគារពិភពលោក GDP ក្នុងមនុស្សម្នាក់ គឺជាសូចនាករប្រយោលមួយនៃការវាស់វែងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។
ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប ឬ GDP ក្នុងមនុស្សម្នាក់ គឺប្រហែល ៤២៨០ដុល្លារក្នុងមួយឆ្នាំ គឺបានកើនឡើង ១២០ដុល្លារ បើធៀបនឹងឆ្នាំ២០២២ ។
ចំណែកឯស្ថាប័នវាយតម្លៃអន្តរជាតិបានព្យាករណ៍ថា GDP ក្នុងមនុស្សម្នាក់របស់វៀតណាម នឹងកើនឡើងដល់ ៤៥០០ដុល្លារនៅឆ្នាំនេះ ។
រដ្ឋាភិបាលវៀតណាមក៏បានដាក់គោលដៅផងដែរថា នឹងសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ ។
នៅដំណាច់ទសវត្សរ៍នេះ វៀតណាមរំពឹងថា នឹងស្ថិតក្នុងចំណោមប្រទេសធំបីនៅអាស៊ីអាគ្នេយ៍ បើនិយាយពីលទ្ធភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម ។
ដើម្បីសម្រេចបាននូវមហិច្ឆតានេះ វៀតណាមមានបំណងបង្កើតសាជីវកម្ម និងសហគ្រាសឧស្សាហកម្មធុនធំ ដែលមានសមត្ថភាពប្រកួតប្រជែងកម្រិតអន្តរជាតិ ។
ទន្ទឹមនឹងនេះ វៀតណាមមានបំណងកសាង និងអភិវឌ្ឍន៍កម្រងឧស្សាហកម្មក្នុងស្រុក ដែលមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិផងដែរ ៕


