
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា និងនិយ័តករមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងនិងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រនៅកម្ពុជា ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅឯសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ រវាង លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោក ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដោយមានការចូលរួមពី ថ្នាក់គ្រប់គ្រងរបស់ធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន ចាន់នី និងតំណាង មកពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៃធនាគារពិភពលោក ។
លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា មានប្រសាសន៍ថា ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលជាវិនិយោគិនដ៏មានសក្ដានុពលនាពេលអនាគត ពិតជាមានសារសំខាន់ណាស់ សម្រាប់ការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏នឹងមានការបញ្ចូលកម្មវិធីអភិបាលកិច្ចសាជីវកម្ម ផងដែរ ។
លោកបានបន្តថា អនុស្សរណៈនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ធនធានមនុស្សក្នុងវិស័យមូលបត្រ ហើយនិយ័តករមូលបត្រកម្ពុជានឹងធ្វើការជាមួយសាកលវិទ្យាល័យអេស៊ីលីដា ក្នុងការបណ្ដុះបណ្ដាលទាក់ទងនឹងអភិបាលកិច្ចសាជីវកកម្ម ។
លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា៖ «កម្មវីធីនាថ្ងៃនេះ ជាសក្ខីភាពមួយរវាងនិយ័តករមូលបត្រកម្ពុជា និង សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការក្នុងការបង្កើនការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុង វិស័យមូលបត្រនៅកម្ពុជា។ វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់សម្រាប់និស្សិតគួរតែសិក្សារៀនសូត្រ ដើម្បីទាញប្រយោជន៍ពីជំនាញនេះក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរ និងសម្រេចជោគជ័យនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត។ ជាមួយគ្នានេះ មុននឹងគិតគូរដល់ការវិនិយោគ ប្អូនៗនិស្សិតត្រូវរៀនសន្សំជាមុនសិន ដោយកាត់បន្ថយចំណាយមិនចាំបាច់ គឺជាយន្តការសន្សំដ៏មានប្រសិទ្ធភាព ។»

ក្នុងឱកាសនេះដែរ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគហ៊ុនិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាន៍ថា កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ជាមួយនឹង និយ័តករមូលបត្រកម្ពុជ គឺជាមាគ៌ាថ្មីមួយដែលនឹងផ្ដល់វគ្គបណ្តុះបណ្តាលដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ ជូនដល់និស្សិត សាធារណៈជន សមាជិកក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី និយ័តករមូលបត្រកម្ពុជា ដែលមានតម្រូវការស្វែងយល់ឱ្យកាន់តែច្បាស់ អំពីការរៀបចំគោលនយោបាយនៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម ។
អភិបាលកិច្ចល្អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់ដំណើរការនៃការគ្រប់គ្រងអាជីវកម្មរបស់ស្ថាប័ន និងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព ។ អភិបាលកិច្ចដែលប្រកបដោយសុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អ ដោយចាត់ចែង និងការគ្រប់គ្រងបញ្ហារបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នទាំងមូល ។
ក្នុងឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នានោះ ស្ថាប័នទាំងពីរក៏បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រផងដែរ ៕


