
ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង – កាលអំឡុងទសវត្សរ៍២០០០ លោក វន សុវី បានបោះបង់ការងារជាគ្រូបង្រៀនមុខវិជ្ជាភូមិវិទ្យានិងប្រវត្តិវិទ្យា មកធ្វើជាមន្ត្រីឥណទានឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងស្រុកមួយ ដែលកាលណោះ លោកថាមកពីប្រាក់ខែគ្រូបង្រៀនទាបពេក ។
ជាមន្ត្រីឥណទាន ឬគេហៅទូទៅថា CO លោក សាវី ត្រូវធ្វើដំណើរចុះទៅតាមភូមិដើម្បីជួបប្រជាពលរដ្ឋ ដែលនៅពេលនោះហើយ លោកបានឃើញរទេះគោចាស់ៗត្រូវអ្នកភូមិទុកចោលលែងប្រើប្រាស់ និងគ្មានការថែទាំអ្វីឡើយ ។
លោក សុវី រៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំក៏មានគំនិតថា របស់ទាំងអស់នេះពីមុនមក ដូនតាយើងប្រើប្រាស់រាប់ជំនាន់មកហើយ ហើយគេទុកចោល ហើយ[ខ្ញុំ]ក៏មានចិត្តស្រឡាញ់ ក៏ចាប់ផ្ដើមទិញរទេះគោចាស់ៗមួយចំនួន យកមកកែច្នៃធ្វើវាឱ្យមានលក្ខណៈល្អប្រសើរ មានសោភ័ណភាពជាងមុន ហើយបន្ទាប់មក យើងដាក់តាំងលក់អ៊ីចឹងទៅ ។»
នៅឆ្នាំ២០០៨ គំនិតអាជីវកម្មក្រៅម៉ោងធ្វើការមួយនេះ ក៏បានលេចឡើងជារូបរាង ពោលគឺរទេះគោកែច្នៃដំបូងបំផុតរបស់លោក សុវី បានជួបនឹងអតិថិជនដែលជាអ្នកមានជីវភាពធូរធារមួយរូបនៅទីក្រុងភ្នំពេញ ។
រទេះគោដំបូងគេ ទិញ ៣០ម៉ឺនរៀល លក់វិញបាន ៦០០ដុល្លារ
លោក សុវី បាននិយាយថា «អំឡុងឆ្នាំ២០០៨ ខ្ញុំទិញរទេះគោដែលអ្នកស្រុកទុកចូលហ្នឹង តម្លៃខ្ទង់ ៣០ម៉ឺនរៀលអីទេ ហើយយើងយកមកដំឡើងទៅ រាងស្អាតគួរសមដែរ ហើយក៏មានមិត្តភក្ដិគេជាម្ចាស់សិប្បកម្មជាងឈើ គេមានភ្ញៀវគេនោះមានជីវភាពធូរធារជាឧកញ៉ា គាត់ក៏មកសុំចែករទេះគោយើងយកទៅតាំងនៅគេហដ្ឋានគាត់នៅម្ដុំជ្រោយចង្វា ។»
លោកបានបន្តថា «កាលហ្នឹង ខ្ញុំលក់បានរហូតដល់ ៦០០ដុល្លារ នៅពេលដែលរទេះគោហ្នឹង យើងទិញត្រឹមតែ ៣០ម៉ឺនរៀលទេ អ៊ីចឹង យើងចាប់ផ្ដើមមានគំនិតថា របស់នេះមានសល់ច្រើននៅតាមភូមិ តម្លៃធូរៗថ្លៃ ប៉ុន្តែ នៅពេលយើងរៀបចំសម្អាតទៅ នៅពេលភ្ញៀវគាត់បញ្ជាទិញ យើងអាចលក់បានតម្លៃមួយរាងល្អប្រសើរ អ៊ីចឹង យើងក៏ចាប់ផ្ដើមធ្វើវាបន្តិចម្ដងៗ ពេលយើងទំនេរពីការងារ ។»
សព្វថ្ងៃ លោក វន សុវី អាយុ ៤២ឆ្នាំ ជាអ្នកគ្រប់គ្រងសាខាប្រចាំខេត្តនៃធនាគារមួយដែលមានឈ្មោះល្បីគួរសម ដោយអភិវឌ្ឍខ្លួនតាំងពីជាបុគ្គលិក CO ឡើងតំណែងរហូតដល់ប្រធានសាខា ប៉ុន្តែ នៅថ្ងៃសៅរ៍អាទិត្យ ឬថ្ងៃបុណ្យទាននានា លោកនៅតែឆ្លៀតធ្វើមុខរបរបន្ទាប់បន្សំកែច្នៃរទេះគោចាស់ៗទៅជារទេះគោតាំងលម្អជារៀងរហូតមក ។
លោកមានបុគ្គលិកពីររូបជាយុវជននៅក្នុងសហគមន៍ ដែលលោកបានយកមកបណ្ដុះបណ្ដាលបង្ហាត់បង្រៀនឱ្យចេះធ្វើរទេះគោតាំងលម្អ និងផ្ដល់ប្រាក់កម្រៃប្រចាំថ្ងៃដល់ពួកគេ ជួយឱ្យពួកគេមានលទ្ធភាពបន្តការសិក្សាបានថែមទៀតផង ។

បានចំណូលបន្ថែមផង ជួយបង្កើតការងារដល់យុវជនក្នុងសហគមន៍ផង
នៅពេលសួរថា តើកត្តាអ្វីដែលជំរុញទឹកចិត្តឱ្យលោកស្វិតស្វាញនឹងមុខរបរក្រៅម៉ោងមួយនេះ ខណៈដែលលោករវល់នឹងការងារពេញម៉ោងសឹងតែរកពេលសម្រាកមិនបាន លោក សុវី និយាយថា «ស្រឡាញ់មុខរបរហ្នឹង…ខ្ញុំចូលចិត្តធ្វើការងារអស់នេះ ការងារនេះធ្វើដូចហាត់ប្រាណ ហើយមួយទៀត បានចំណូល ហើយមួយទៀត យើងបានបណ្ដុះបណ្ដាលឱ្យប្អូនៗដូចបងបានជួបមុនហ្នឹង ឱ្យគាត់ធ្វើទៅ គាត់មានប្រាក់ចំណូលបន្ថែម គាត់យកទៅបន្តការងារសិក្សារៀនសូត្រ ។»
លោកបានបន្តថា «ដូចក្មួយម្នាក់នោះគាត់បានសិក្សាចប់ថ្នាក់ទី១២ គាត់បន្តការសិក្សាជំនាញជានិស្សិតពេទ្យ ហើយក្មួយម្នាក់ទៀតនោះ បានលុយដែលយើងឱ្យគាត់ធ្វើការងារប្រចាំថ្ងៃ គាត់យកទៅរៀនភាសាកូរ៉េ ឥឡូវហ្នឹងជាប់ ធ្លាក់ឈ្មោះមកហើយ ជិតបានទៅធ្វើការនៅកូរ៉េ ។ អ៊ីចឹង មានន័យថា យើងស្រឡាញ់ផង យើងបានប្រភពចំណូលមួយចំនួនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារផង និងជួយទៅដល់ក្មួយៗ ប្អូនៗឱ្យគាត់មានប្រាក់ចំណូលបន្ថែមទៀត ដើម្បីយកទៅសិក្សារៀនសូត្រ ។»
បើតាមលោក សុវី គិតជាមធ្យម ក្នុងមួយឆ្នាំៗ លោកលក់រទេះគោតាំងលម្អបានមិនតិចជាង ៣០គ្រឿងទេ ហើយតម្រូវការខ្ពស់បំផុត គឺកើតមានក្នុងអំឡុងពេលនៅមុនដល់បុណ្យទានធំៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក ជាដើម ដោយសារគេយករទេះគោតាំងលម្អទៅដាក់តាំងក្នុងកម្មវិធីសង្ក្រាន្តនៅតាមផ្សារទំនើបធំៗ ។ រទេះគោតាំងលម្អដែលលោក សុវី ធ្វើ មានពីរប្រភេទ មួយគឺរទេះគោធម្មតា ដែលលក់ចេញក្នុងតម្លៃប្រហែល ៤៥០ដុល្លារក្នុងមួយគ្រឿង និងមួយទៀត គឺរទេះសាលីដែលមានតម្លៃខ្ពស់ជាងរហូតដល់ទៅ ១៥០០ដុល្លារក្នុងមួយគ្រឿង ។
សម័យឌីជីថល ផេកហ្វេសប៊ុកជំរុញការលក់កាន់តែមានប្រសិទ្ធភាព
ដំបូងឡើយ ដូចគ្នានឹងអ្នកច្នៃរទេះគោតាំងលម្អលក់ដទៃទៀតនៅក្នុងខេត្តកំពង់ឆ្នាំងដែរ លោ សុវី ដាក់តាំងលក់រទេះគោដែលកែច្នៃស្អាតរួចតែនៅមុខផ្ទះតាមដងផ្លូវជាតិលេខ៥ប៉ុណ្ណោះ ដោយពេលណាភ្ញៀវដែលធ្វើដំណើរឆ្លងកាត់ចាប់អារម្មណ៍ ភ្ញៀវក៏ឈប់ឡានដើម្បីសួរនាំតថ្លៃទិញ បើត្រូវថ្លៃគ្នា លោកក៏លក់ឱ្យភ្ញៀវទៅ ។
ប៉ុន្តែ ក្រោយមក ក៏លេចឡើងនូវបណ្ដាញសង្គមហ្វេសប៊ុក ដូច្នេះ លោកក៏ចាប់ផ្ដើមផុសតាមហ្វេសប៊ុកទៅ ក៏ឃើញមានការគាំទ្រគួរសម ហើយបន្តបន្ទាប់មកទៀត បច្ចេកវិទ្យាចេះតែវិវឌ្ឍ លោក សុវី ក៏បានបង្កើតផេកមួយ គឺផេកកំពង់ឆ្នាំងលក់រទេះគោតាំងលម្អ ហើយមានអ្នក follow ជាងមួយម៉ឺននាក់ដែរ ។ លោក សុវី ឱ្យដឹងថា ការបញ្ជាទិញរទេះគោតាំងលម្អតាមរយៈផេកហ្វេសប៊ុក មានប្រហែលជាង ៩០% ដែលនេះបង្ហាញពីនិន្នាការនៃការផ្លាស់ប្ដូរទម្លាប់របស់អ្នកទិញ ដោយពួកគេផ្លាស់ប្ដូរទម្លាប់ពីការទិញផ្ទាល់ មកបញ្ជាទិញតាមរយៈផេកវិញ ។

រៀនសូត្រពីអតិថិជនគឺជាគន្លឹះជោគជ័យ
លោក សុវី ដែលជាអតីតគ្រូបង្រៀន និងបច្ចុប្បន្នជាអ្នកប្រកបការងារពេញម៉ោងក្នុងវិស័យធនាគារ បានទទួលស្គាល់ថា លោកមិនមានជំនាញជាជាងរទេះអ្វីទេ ប៉ុន្តែ លោកគិតថា កត្តាមួយដែលនាំឱ្យលោកទទួលបានជោគជ័យលើមុខរបរក្រៅម៉ោងមួយនេះ គឺ រៀនសូត្រពីអតិថិជន ។
លោក សុវី រៀបរាប់យ៉ាងដូច្នេះថា «សំខាន់ អ្វីដែលយើងចាប់ផ្ដើមធ្វើ យើងរៀនពីភ្ញៀវដែរ ព្រោះដោយសារខ្ញុំក៏មិនជាអ្នកជំនាញជាងរទេះអីទេ ពេលដែលយើងធ្វើទៅ មានបងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវ គាត់បានផ្ដល់អនុសាសន៍ថាគាត់ស្រឡាញ់បែបនេះ គាត់ចង់បានខ្នាតនេះ អ៊ីចឹង យើងព្យាយាមធ្វើទៅតាមអ្វីដែលគាត់ចង់បានវិញ ។»
លោកបានបន្តថា «មានភ្ញៀវខ្លះ គាត់ថារទេះហ្នឹងអាចបង្រួមឱ្យតូចជាងហ្នឹងបានអត់ ? ដោយសារ space របស់គាត់តូច អីចឹង យើងធ្វើបានឱ្យគាត់ទៀត យើងបានកាត់ព្រែកង កាត់ដុំខ្លះ ដើម្បីធ្វើម៉េចបង្រួមខ្នាតរទេះហ្នឹងឱ្យរាងតូច ដើម្បីវាត្រូវទៅនឹង space ទីធ្លារបស់គាត់…។ យើងមានការបត់បែនចំណុចទាំងអស់នេះ អ៊ីចឹងហើយ យើងចេះតែបន្តមានការគាំទ្ររហូតមក អត់ដែលដាច់ទេ គឺជាប់រហូត តាំងពីពេលចាប់ផ្ដើមរហូតមកដល់ឥឡូវនេះ ។»
ដរាបណានៅតែមានការគាំទ្រ របរមួយនេះនឹងបន្តរហូត
លោក សុវី បានឱ្យដឹងថា តាមការស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោក នៅស្រុកខ្មែរ ពុំសូវមានអ្នកយករទេះគោចាស់ៗមកកែច្នៃជារទេះគោតាំងលម្អទេ បើមានក៏អាចថា មានតិចតួចបំផុត ។
លោកថា បើតាមលោកមើលប្រវត្តិនៃការគាំទ្ររទេះគោតាំងលម្អពីសំណាក់ប្រជាពលរដ្ឋ ឃើញពីមួយថ្ងៃទៅមួយថ្ងៃ ចំនួននៃការគាំទ្រកាន់តែច្រើនទៅៗ ។ ដូច្នេះ លោកថា ដរាបណានៅតែមានការគាំទ្រ លោកនឹងនៅតែធ្វើវាជាបន្តរហូត ។
លោក សុវី បានបន្តថា «នៅប្រទេសកម្ពុជាយើង កន្លែងដែលផ្គត់ផ្គង់រទេះគោនេះហាក់ដូចជាមិនមានទេ ឬក៏អាចថាមានតិចតួចបំផុត អ៊ីចឹង ខ្ញុំគិតថា អ្វីដែលយើងនឹងបន្តធ្វើ ហើយគេកាន់តែស្គាល់កាន់តែច្រើន អ៊ីចឹង យើងគិតថានឹងបន្តធ្វើរហូត ឱ្យតែមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋរបស់យើង» ៕


