
រដ្ឋាភិបាលវៀតណាមកំពុងជំរុញឲ្យសហរដ្ឋអាមេរិកពន្យារពេលអនុវត្តគោលនយោបាយពន្ធនាំចូលថ្មី យ៉ាងហោច ៤៥ ថ្ងៃ ដើម្បីទុកពេលសម្រាប់ការចរចា និងការត្រៀមខ្លួន ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញជិញ បានដឹកនាំកិច្ចប្រជុំជាមួយនឹងបណ្ដាក្រសួង និងវិស័យនានាកាលពីល្ងាចថ្ងៃទី ០៧ ខែមេសា ដើម្បីពិភាក្សាអំពីការរៀបចំពាណិជ្ជកម្មឱ្យមានតុល្យភាព និងចីរភាពជាមួយនឹងសហរដ្ឋអាមេរិក។
កិច្ចប្រជុំនេះបានរៀបចំឡើង ក្រោយពេលដែលលោក ផាំ មិញជិញ ប្រជុំសន្និបាតជាមួយនឹងទីភ្នាក់ងាររបស់វៀតណាមនៅក្រៅប្រទេស ដើម្បីស្វែងរកវិធីសាស្ត្រសម្របខ្លួនទៅនឹងស្ថានការណ៍ថ្មីៗនៃពាណិជ្ជកម្មអន្តរជាតិ ។
គិតត្រឹមល្ងាចថ្ងៃទី ០៧ ខែមេសា រដ្ឋាភិបាលវៀតណាមបានប្រជុំបីលើកមកហើយ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសគោលនយោបាយពន្ធថ្មី សម្រាប់ការនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនោះ ។
លោក ផាំ មិញជិញ ក៏បានស្នើសុំក្រសួង វិស័យ និងបណ្ដាទីភ្នាក់ងារនានា ប្រញ៉ាប់បំពេញបែបបទនានា ដើម្បីជួយដល់ប្រតិភូ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព និងចីរភាពជាមួយសហរដ្ឋអាមេរិក ។
លោកក៏បានទាមទារឲ្យក្រសួង វិស័យ និងក្រុមហ៊ុននានាបន្តពិចារណា នាំចូលទំនិញបន្ថែមពីសហរដ្ឋអាមេរិក រាប់បញ្ចូលទាំងការពន្លឿនការបញ្ជូនយន្តហោះប៊ូអ៊ីង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) ផងដែរ ។



